ខេត្តកោះកុង ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមល្បាតជលផលនិងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ឬ Whale Shark មួយក្បាល នៅកោះរ៉ុង។
ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។
ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន៕