ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅទាំងព្រឹក
សន្តិសុខសង្គម
289

រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះផ្ទះ មួយកន្លែង យ៉ាងសន្ធោសន្ធៅ​ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង​ ១០និង១០នាទីព្រឹក ថ្ងៃទី១៣​ ខែធ្នូ ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ១៤២E2 ផ្លូវលេខ១០៧​ (សុកហុក)​ ក្រុម២១ ភូមិ៤ សង្កាត់អូរឫស្សី​ទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ នេះបើយោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះផ្ទះ មួយកន្លែង។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់យើង នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញរបស់យើងបានធ្វើការជួយសង្គ្រោះទាន់ពេលវេលា ដែលជាទីតាំងឆាបឆេះ ព្រមទាំងខូចខាតទ្រព្យសម្បតិ្តអស់មួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន ០៥គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង០៨ម៉ែត្រគូប,​ រថយន្តជំនួយមកពីទីក្រុងអូឡាំព្យា​ ចំនួន០២គ្រឿង​ ពុំប្រើប្រាស់ទឹក។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៤ម៉ែត្រ គុណ ១៦ម៉ែត្រ) បានបណ្តាលឲ្យឆេះទូរដាក់សម្ភារៈចំនួន០៣,​ កង្ហារចំនួន០១គ្រឿង រួមទាំងសម្ភារៈប្រើប្រាស់អស់មួយចំនួនតូច​ និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

រីឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ៕ 


Telegram