រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បង្ហោះនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យទីតាំងកែឆ្នៃនិងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ណាមួយក្នុងខ្ញីទាំងនោះ ។
យោងតាមលទ្ធផលដែលទទួលបានពីក្រុមមន្ត្រីជំនាញ បានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន ៩៤០គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន ៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨គីឡូក្រាមផងដែរ ដូចនេះមន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។
សូមបញ្ជាក់ថា សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុបន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធឈាមចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀតផង៕