ខេត្តកណ្ដាល៖ ពិតជារន្ធត់ណាស់លោកអើយ យុវជនម្នាក់ជិះម៉ូតូមកផ្លូវប្រសព្វកែង ត្រូវបានរថយន្តយីឌុកធុនធំ បើកមកពីក្រោយយ៉ាងលឿន មិនដឹងជាប្រញាប់ទៅណាទេ មើលងាយជីវិតគេណាស់ បានបើកបុកម៉ូតូរួចកិនអូសមនុស្សជាប់ក្រោមកង់ជាច្រើនម៉ែត្រ ធ្លាយពោះវៀនចេញមកក្រៅ យ៉ាងរន្ធត់បំផុត ហើយព្យាយាមបើកទ្វាររត់ចុះទឹកស្ទឹង តែត្រូវបានប្រជាពលរដ្ឋជិះទូកតាមចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី១៤ខែធ្នូ ឆ្នាំ ២០២៣ លើផ្លូវជាតិលេខ២ កែងនឹងផ្លូវក្រវាត់ក្រុង ៦០ម៉ែត្រ ផ្លូវព្រលានយន្តហោះថ្មី ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា សពយុវជនខាងលើមានឈ្មោះ ដេត មករា ហៅ តួ អាយុ ១៨ ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅបុរីកាំងម៉េង ដោយមានស្រុកកំណើតនៅខេត្តព្រៃវែង មុនពេលកើតហេតុ យុវជនខាងលើ បានជិះម៉ូតូមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ព្រៃវែង1L-9644 ចេញពីផ្ទះមីងនៅម្តុំស្តុបព្រែកហូរ ក្នុងទិសដៅពីកើតមកលិច ដល់ចំណុចផ្លូវបំបែកជាបួន ម៉ូតូកំពុងស្ទើរផុតទៅហើយ ក៏មានរថយន្តធុនធំប្រភេទយីឌុកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0666 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន មិនដឹងជាប្រញាប់ទៅណានោះទេ បើកចេញពីផ្លូវ៦០ម៉ែត្រ មកបុកម៉ូតូរួចកិនយុវជនខាងលើ អូសជាប់ក្រោមកង់ជាច្រើនម៉ែត្រធ្លាយពោះវៀនចេញមកក្រៅ យ៉ាងរន្ធត់បំផុត ហើយព្យាយាមបើកទ្វាររត់ចុះទឹកស្ទឹង តែត្រូវបានប្រជាពលរដ្ឋជិះទូកតាមចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ក្រុងតាខ្មៅ បានចុះមកដល់ទីតាំងកើតហេតុខាងលើ ដើម្បីធ្វើការវាស់វែង និងយករថយន្ត អ្នកបើកបរ និងម៉ូតូ ទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ តាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ អែល វិចិត្រ