ខេត្តកណ្តាល៖ យោងតាមផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សមត្ថកិច្ចជលផល ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះបង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ សហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តកណ្តាលបានចុះបង្ក្រាបទីតាំងផលិត និងលក់ចែកចាយឧបករណ៍ឆក់ត្រី១កន្លែង នៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ដែលបានលក់ចែកចាយតាមបណ្តាញសង្គម TikTok ដាក់ឈ្មោះថា ជាងរិទ្ធ។ ការចុះបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានវត្ថុតាង រួមមាន ឧបករណ៍ឆក់ចំនួន៦គ្រឿង និងសម្ភារៈផលិតឧបករណ៍ឆក់មួយចំនួនទៀត។
ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅតុលាការ តាមនិតិវិធីច្បាប់ ៕