វីដេអូកាមេរ៉ាសុវត្ថិភាព ជនសង្ស័យដើរឆ្លងផ្លូវ មកលួចរថយន្តមួយគ្រឿងបើករត់ពីភ្នំពេញទាំងយប់ ព្រឹកឡើងត្រូវសមត្ថកិច្ចចាប់បានដល់ខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម
122

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចរថយន្តមួយក្រឿង ដែលម្ចាស់គេចតបញ្ឆេះចោល ចុះទៅដកលុយពីទូATM បានសម្រេច បើករត់គេចខ្លួនបាត់ស្រមោល ចេញពីរាជធានីភ្នំពេញ រហូតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បាននៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ដល់ខេត្តកំពង់ស្ពឺ ដកហូតបានរថយន្តមកវិញ​។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ផ្លូវលេខ១០៨ ភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ សួង ស៊ីណា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលTVFB ទទួលបាន បានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង ៦និង ៣០នាទី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ គាត់បានបើករថយន្តម៉ាក ម៉ាស្តា CX3 ស៊េរីឆ្នាំ២០២៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-1606 ចេញពីផ្ទះ បំណងមកដកលុយពីATM និងស្គេនមុខ នៅធនាគារកាណាឌីយ៉ា ផ្លូវលេខ១០៨ ភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។លុះពេលគាត់ចុះពីលើរថយន្តទៅស្គេនមុខ និងដកលុយ ដោយចាក់សោរពីក្រៅ ខណៈកំពុងស្គេន និងដកលុយនោះ ចេញមកវិញបាត់រថយន្តតែម្តង ។ ក្នុងពាក្យបណ្តឹងបញ្ជាក់ទៀតថា ឡានរថយន្តគាត់ ពុំមានអ្នកខ្ចីជិះ គឺមានតែបងប្រុសបង្កើតរបស់គាត់ ដែលធ្លាប់ខ្ចីប៉ុណ្ណោះ ។

ក្នុងនោះ តាមកាមេរ៉ាសុវត្ថិភាព ក៏បានបង្ហាញឲ្យឃើញ ពីសកម្មភាពរបស់ជនសង្ស័យម្នាក់ ដើរឆ្លងពីផ្លូវម្ខាងទៀត ឆ្ពោះមករថយន្តរបស់ជនរងគ្រោះ រួចបើកទ្វារឡើងអង្គុយក្នុងរថយន្តមួយសន្ទុះ ហើយបើកចេញទៅបាត់តែម្តង។ លុះនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ ក៏ត្រូវសមត្ថកិច្ចតាមរកឃើញនិងចាប់ខ្លួនបានដល់ខេត្តកំពង់ស្ពឺ ។ ពេលនេះជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ មេសា


Telegram