ល្បិចថ្មី! ចោរចូលហែកខោអាវលួចម៉ាញេតូ ម៉ូតូរបស់កម្មករសំណង់ អស់ជាង ៥០គ្រឿង ក្នុងការដ្ឋានមួយកន្លែង! កម្មករនាំគ្នាឆ្ងល់ មានសន្តិសុខយាមត្រឹមត្រូវ ហើយចូលតាមណា?
សន្តិសុខសង្គម
186

រាជធានីភ្នំពេញ ៖ កម្មករសំណង់នាំគ្នាចុះមកហូបបាយ ខណៈបម្រុងយកម៉ូតូជិះ ក៏ស្រាប់តែដេរមិនឆេះ លុះអោនមើលម៉ូតូទើបដឹងថា ម៉ូតូរបស់ពួកគាត់ជាច្រើនគ្រឿង ត្រូវបានគេហែក គាស់យក ម៉ាញេតូ បាត់ទៅរលីង ។

ហេតុការណ៍នេះភ្ញាក់ផ្អើល នាវេលាម៉ោង ០៣ និង ៤០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវ ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកម្មករសំណង់បានអោយដឹងថា គាត់បានជិះម៉ូតូមកធ្វើការនៅចំណុចការដ្ឋានខាងលើ ហើយបានទុកម៉ូតូនៅចំណតខាងក្រោមដែលមានសន្តិសុខយាម ខណៈពេលដែលដល់ម៉ោង កម្មករត្រូវហូបបាយ គាត់បានចុះពីលើអាគាររួចដើរសំដៅទៅយកម៉ូតូ ដើម្បីជិះទៅហូបបាយ ស្របពេលនោះដែរគាត់បានកាច់សោរម៉ូតូ ប៉ុន្តែដេមិនឆេះ ទើបអោនមើលម៉ូតូ ក៏បានឃើញម៉ូតូមានសភាពរហែកខោអាវម៉ូតូ ចំហៀងខាងឆ្វេង និងមានស្នាមកាត់ខ្សែភ្លើង ផ្តាច់យកម៉ាញេតូយកទៅបាត់ ។ ភ្លាមៗ ក៏បានផ្អើលដល់ក្រុមកម្មករផ្សេងទៀត ចុះមកមើលម៉ូតូរបស់ខ្លួន ក៏ស្រាប់តែម៉ូតូរបស់ពួកគាត់បានបាត់ ម៉ាញេតូដូចៗគ្នា សរុបជាង៥០គ្រឿង ភាគច្រើនជាប្រភេទម៉ូតូ ឌ្រីមសង់ទាំងអស់ ។

បើតាមការបញ្ជាក់ពីជាងបានអោយដឹងថា ប្រភទម៉ូតូសង់ឌ្រីម ចាប់ពីស៊េរីឆ្នាំ២០១៤ រហូតដល់ ស៊េរីឆ្នាំ២០២២ តម្លៃម៉ាញេតូ មួយស្មើនឹង ៣០ដុល្លារ ។ ចំណែក ម៉ាញេតូ សង់ឌ្រីមចាប់ពីស៊េរីឆ្នាំ២០២៣ ដល់ ស៊េរិឆ្នាំ២០២៤ មានតម្លៃ ជាង ១០០ដុល្លារ ។

ក្នុងនោះប្រជាពលរដ្ឋនិងកម្មករ មានការងឿយឆ្ងល់ថា « ការដ្ឋានខាងលើមានសន្តិសុខយាមត្រឹមត្រូវ ប៉ុន្តែហេតុអ្វីបានជាក្រុមចោរចូលលួចបានយ៉ាងស្រួលដូច្នេះ តើក្រុមទាំងនោះចូលបានដោយរបៀបណា?? » ។

ជុំវិញករណីនេះ ភ្នាក់ងារសារព័ត៌មាន TVFB ដែលចុះផ្ទាល់នៅទីតាំងកើតហេតុ បានព្យាយាមសាកសួរ ទៅកាន់ សន្តិសុខ ដែលយាមនៅទីតាំងខាងលើ ក៏ដូចជាសមត្ថកិច្ចដែរ ប៉ុន្តែមិនឆ្លើយតបនោះទេ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់មុខសញ្ញា យកមកផ្តន្ទាទោសតាមច្បាប់៕ មេសា


Telegram