នោះត្រៀមខ្លួនអាក្អូន! ក្រោយកក្រើកវីដេអូ« RSK ឬស្សីកែវ» ឯកឧត្តម ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ កំណត់មុខសញ្ញាបានខ្លះហើយ និងកំពុងច្បាមបន្ត!
សន្តិសុខសង្គម
161

រាជធានីភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយ ថ្មីៗកន្លងទៅនេះ មានការបង្ហោះនៅឃ្លីបវីដេអូជាច្រើនលើបណ្តាញសង្គម បង្ហាញពីសកម្មភាព ក្រុមក្មេងទំនើងរហ័សនាម RSK ឬស្សីកែវ ជិះម៉ូតូដូចស្រមោច ជាច្រើនគ្រឿង បង្កភាពអុកឡុកអាណាធិបតេយ្យ ប្រសាចពេញលើដងផ្លូវ ដែលធ្វើឲ្យមហាជនមានការភិនភ័យ និងហួសចិត្ត និងសូមណូមពរសុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ក្រុមក្មេងទំនើងនេះ ខណៈជាក់ស្តែងឃើញថា ក្មេងទំនើងហាក់កក្រើកឡើងវិញ ។

បើនិយាយពីក្មេងទំនើងវិញ កូនៗខ្លះ សូម្បីឪពុកម្តាយប្រដៅ ក៏លែងស្តាប់ ស្តាប់តែពួកម៉ាកបងភឿន ពពាក់ពពូនគ្នា ខ្លះមានទាំងស្រីទៀត ទាំងដែលខ្លួនជាយុវជនសោះ គឺធ្វើខ្លួនជាទំពាំងដែលល្អ ស្នងបន្តពីឬស្សី បែរជានាំគ្នាប្រព្រឹត្តខ្លួនខុស ឪពុកម្តាយនិយាយក៏លែងស្តាប់ មិនខ្វល់ពីចិត្ត និងទឹកភ្នែករបស់គាត់ ស្រូបទាញតែរឿងមិនល្អ ។ ឈប់បាន ឈប់ទៅប្អូន គ្មានពួកម៉ាកបងភឿនណា មកស្រលាញ់យើង ស្មោះស្មគ្រ័ជាងឪពុកម្តាយយើងទេ ដែលខ្លាចកូនដើរខុស ខ្លាចកូនវិនាស ខ្លាចកូនខូចអនាគត ពួកម៉ាកដែលនាំយើងដើរផ្លូវខុសបែបនឹង លះបង់ចោលក៏មិនខាតដែរ ឈប់ប្រព្រឹត្តខ្លួនជាក្មេងទំនើងបែបនេះទៀត កុំចាំទាល់តែដៃជាប់ខ្នោះ ទើបស្រក់ទឹកភ្នែក សុំទោសអ្នកមានគុណ វាហួសពេលហើយ ។

ជាក់ស្តែងជុំវិញឃ្លីប RSK នេះដែរ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឲ្យដឹងថា « បន្ទាប់ពីឃើញការការផ្សព្វផ្សាយនៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងករណីក្មេងទំនើងជិះម៉ូតូដេញគ្នាតាមផ្លូវសារធារណៈ បង្កភាពអនាធិបតេយ្យ និងបម្រុងកើតអំពីហិង្សា។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃើញថាហេតុការណ៍នេះកើតឡើងនៅយប់ទៀបភ្លឺ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា « ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ស្រាវជ្រាវកំណត់បានមុខសញ្ញាក្មេងទំនើងទាំងនេះខ្លះហើយ សមត្ថកិច្ចកំពុងតាមស្វែងរកឃាត់ខ្លួន ដើម្បីយកមកសួរនាំ» ៕


Telegram