សាលាដំបូងខេត្តសៀមរាប ចេញសេចក្តីថ្លែងការណ៍ ស្តីពីការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក
សន្តិសុខសង្គម
218

ខេត្តសៀមរាប ៖ សាលាដំបូងខេត្តសៀមរាប បានចេញនូវសេចក្តីថ្លែងការណ៍ ស្តីពី ការនាំខ្លួន និងឃុំខ្លួន ជនត្រូវចោទបន្ថែម ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មើលដ៍ ឯ.ក ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនសាធារណជន និង របបសារព័ត៌មានទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទចំនួន ០២ រូប ឈ្មោះ អ៊ឹម ស្រីវុទ្ធ ភេទស្រី អាយុ៣៥ ឆ្នាំ និងឈ្មោះ សយ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បី សួរចម្លើយ ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)” តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០២ រូប ខាងលើ ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនបន្ថែមថា សាលាដំបូងខេត្តសៀមរាបនឹង បន្តចាត់ការសំណុំរឿងនេះឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។ សាលាដំបូងខេត្តសៀមរាបនឹងជម្រាប ជូនព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងរបបសារព័ត៌មានទាំងអស់មេត្តាជ្រាប តាមការគួរ។

សូមបញ្ជាក់ថា កន្លងទៅនេះ សាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ឈ្មោះ ឡេង ចាន់ណា និងបក្ខពួក។ ក្នុងនោះរួមមាន ៖

-បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរ ម្ចាស់ក្រុមហ៊ុន ប៊ីលានស៊ីធី ទីកន្លែងកំណើតនៅភូមិត្រស់ ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មេម៉ាយ មានកូនចំនួន ០១នាក់ ឪពុកឈ្មោះ ឡេង ហ៊ីង(រ) ម្តាយឈ្មោះ ម៉ក់ ប៉េត(រ) ទោសពីមុនគ្មាន ។ ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិតា វៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

- បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ផុន សាមាន ភេទប្រុស កើតថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ មុខរបរអគ្គនាយករងក្រុមហ៊ុន ប្រ៊ីលានស៊ីធី ទីកន្លែងកំណើតនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កម្រិតវប្បធម៌ថ្នាក់ទី១១ ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ នៅលីវ ឪពុកឈ្មោះ សយ ផាន់(ស) ម្តាយឈ្មោះ ថោ អ៊ាប(រ) ទោសពីមុនគ្មាន ។ ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។

- បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អគ្គនាយករងក្រុមហ៊ុនប៊ីលានស៊ីធី ទីកន្លែងកំណើតនៅភូមិព្រៃត្បាល់ ឃុំចុងអំពិល ស្រុកកញ្ចៀច ខេត្ត ព្រៃវែង ទីលំនៅមុនពេលឃាត់ខ្លួននៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពោះម៉ាយ មានកូនចំនួន ០១នាក់ ឪពុកឈ្មោះ ហៀង ចាន់(រ) ម្តាយឈ្មោះ បឺត ធីម(រ) ទោសពីមុនគ្មាន ។

ត្រូវចោទប្រកាន់ពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅភូមិ តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្ម ទណ្ឌ និងបទ សម្អាតប្រាក់ ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពី អំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ពីបទ មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ៕


Telegram