ខេត្តកោះកុង ៖ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកព័ទ្ធខ្សែពិនិត្យ ខណៈប្រទះឃើញសពបុរសម្នាក់ ក្នុងវ៉ាលី ចំនុចក្បែរផ្លូវជាតិលេខ៤៨ ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ដោយគ្រាន់តែទទួលបានព័ត៌មាននេះ កំលាំង នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំង ការិយាល័យបច្ចេកទេស កំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព ស្ថិតនៅចំនុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពខាងលើនេះត្រូវបានកំលាំងស្ថាបនាផ្លូវជាតិលេខ៤៨ រាយការណ៍អោយសមត្ថកិច្ចដឹងថា មានសាកសព ត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខ ហើយញាត់ចូលវាលីជ័រ ព័ណទឹកក្រូច ហើយយកមកបោះប្លុងចោលនៅចំនុចខាងលើ ប្រហែលរយៈពេល០៣ថ្ងៃមកហើយ ។
លទ្ធផល ខណៈពេលកំលាំងចំរុះចុះពិនិត្យសាកសពនោះ លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យ ព្រហ្មទ័ណ្ឌកំរឹតធ្ងន់ បានបញ្ជាក់ថា សាកសព មិនស្គាល់អត្តសញ្ញាណ អ្វីទាំងអស់ ប៉ុន្តែដឹងថាមានភេទប្រុស ជនជាតិខ្មែរ និងនៅលើដើមដៃឆ្វេងរបស់សាកសពមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ) ដោយសរសេរលេខខ្មែរនៅខាងក្រោម០៥.០៩.២១ ហើយសាកសព មានសភាពហើមធំក្លិនអសោចនិងមានដង្កូវចុះ ។ករណីនេះកំលាំងជំនាញបានធ្វើការសន្និដ្ឋានថា ជាករណីឃាតកម្ម ។
ក្រោយពីពិនិត្យសពចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ដើម្បីចាត់ចែងបញ្ចុះសាកសពនៅក្នុងមូលដ្ឋានរបស់តែម្តង និងធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួល និងបើកការស៊ើបអង្កេតរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស ។ ហើយនៅព្រឹកថ្ងៃទី២១ ខែមីនា សមត្ថកិច្ចក៏បានរកសាវតាជាតិជនរងគ្រោះហើយ គឺឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរខេត្តកោះកុង។
ទោះបីជាយ៉ាងណា ជុំវិញករណីនេះ អង្គភាព TVFB បានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានលោកបានបញ្ជាក់ថា ពិតជាមានករណីនេះពិតមែន ហើយពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ជុំវិញករណីខាងលើ និងតាមចាប់ជនដៃដល់ មកយកមកផ្តន្ទាទោសតាមច្បាប់៕ មេសា