រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជារជីវៈ បានឲ្យដឹងពី សេចក្តីប្រកាសព័ត៌មានស្តីពីការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនកម្មករ និយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា ក្រសួង បានចាប់ផ្តើមបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត នៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ដោយបានដំណើរការយ៉ាង រលូន និងមានកិច្ចសហការល្អពីបងប្អូនកម្មករនិយោជិតទាំងអស់។
គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ មានបងប្អូនកម្មករនិយោជិតសរុបចំនួន ១ ៩៧២នាក់ បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួន។ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បងប្អូនកម្មករនិយោជិតដែលមានការងារថ្មីនោះ ក្រុមការងារក្រសួងក៏នឹងធ្វើការបើកផ្តល់ នៅថ្ងៃសៅរ៍ ទី២៣, ថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ទៀត ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច។ ក្រសួងក៏មានផ្តល់ជូននូវទឹកសុទ្ធ ភេសជ្ជៈ និងអាហារសម្រន់ជូនបងប្អូនផងដែរ។
ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតទាំងអស់ដែលមិនទាន់បានមកបើកប្រាក់ឈ្នួល និង ប្រាក់បំណាច់ផ្សេងៗ សូមត្រៀមឯកសារពាក់ព័ន្ធ និងរួសរាន់មកបើកឱ្យបានគ្រប់ៗគ្នា។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដែលមានកិច្ច សហការល្អ និងសូមជូនពរបងប្អូនកម្មករនិយោជិតដែលមានការងារថ្មីរួចហើយ ឱ្យទទួលបានការរីកចម្រើន។ ចំពោះបងប្អូនកម្មករនិយោជិត ដែលមិនទាន់មានការងារថ្មីធ្វើ សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងបន្តប្រចាំការនៅខាងមុខសាលាខណ្ឌ ដង្កោ និងទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនកម្មករនិយោជិតទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។
សូមបញ្ជាក់ថា ទន្ទឹមនឹងនោះ រដ្ឋបាលសាលាខណ្ឌដង្កោ ក៏បានចេញនូវសេចក្តីជូនដំណឹង ស្តីពី ការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ផងដែរ ។
យោងតាមប្រសាសន៍ណែនាំរបស់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌដង្កោ សូមជម្រាបជូនដល់បងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុនភ័យ &ដាប់បែលយូ ហ្គាមិនទាំងអស់ ឲ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ០៨គ្រឿង សម្រាប់ដឹកជញ្ជូនដល់បងប្អូនកម្មករ កម្មការិនី គោលដៅពីរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមិន មកសាលាខណ្ឌដង្កោ និងពីសាលាខណ្ឌដង្កោ ទៅរោងចក្រ វ៉ាយ & ដាប់បែលយូ ហ្គាមិន វិញ ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ដើម្បីជួយសម្រួលបន្ទុក និងបង្កភាពងាយស្រួលដល់បងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមិន ទាំងអស់អាចអញ្ជើញធ្វើដំណើរតាមរថយន្តក្រុង ដែលផ្តល់ដោយរដ្ឋបាលរាជធានីភ្នំពេញ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករ កម្មការិនី នៃក្រុមហ៊ុនភ័យ &ដាប់បែលយូ ហ្គាមិន ទាំងអស់ជ្រាបជាព័ត៌មាន ៕ អែល វិចិត្រ