រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅបណ្ដោយមាត់ទន្លេត្រើយខាងកើតនៅជិតអូតែលសុខាដោយប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹក ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ទីតាំងនៅមាត់ទន្លេត្រើយខាងកើតស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
យោងតាមសម្ដីស្ត្រីជាប្រពន្ធរបស់សពខាងលើបានឲ្យដឹងថាកាលពីយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ពួកគាត់បានផឹកស្រាជាមួយគ្នាហើយបន្ទាប់មកពួកគាត់មានការទាស់ពាក្យសម្ដីគ្នាបន្តិចបន្ទួចហើយបណ្ដាលឲ្យបុរសជាប្ដីមានការអន់ចិត្តនិងប្រពន្ធរបស់គាត់ហើយបានលោតទឹកចុះទីសាឡាង ប្រពន្ធរបស់ជនគ្រោះបានបន្តប្រាប់ទៀតថារាល់ដងប្ដីរបស់គាត់លោតហែលទឹកបាន មិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែដោយហេតុលើកនេះគឺប្ដីរបស់គាត់ស្រវឹងក៏បណ្ដាលឲ្យលង់ទឹកស្លាប់តែម្ដង បន្ទាប់មកនៅថ្ងៃទី២១ទើបប្រទះឃើញប្ដីរបស់គាត់អណ្ដែតមកត្រើយខាងកើតជិតអូតែលសុខាមានសភាពហើមរលួយទៅហើយ។
ក្រោយកើតហេតុសពបុរសខាងលើសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ សំណាង