សត្វសុនខ៤ក្បាលដែលម្ចាស់ប.ង្ខំឱ្យពាំកន្ត្រកសុំទាន និងកូន៦ក្បាល ត្រូវបានសមត្ថកិច្ចជួយរំដោះហើយ
សន្តិសុខសង្គម
49

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រៅពីការពង្រឹងផ្នែកសន្តិសុខបានល្អប្រសើរហើយនោះ ក៏មានព័ត៌មានគួរឱ្យចាប់អារម្មណ៍ ហើយក៏ប្លែកចិត្តផងដែរ ។ នោះគឺការជួយសង្គ្រោះសុនខដែលសមត្ថកិច្ចឱ្យដឹងថា បានរំដោះសុនខចំនួន៤ក្បាល ដែលម្ចាស់ចាប់បង្ខំឱ្យអង្គុយសុំទាន ដោយនៅមាត់របស់វាតម្រូវឱ្យពាំស្បោងមួយសម្រាប់ដាក់លុយ ។ ការប្រើសុនខឱ្យអង្គុយទាំងថ្ងៃទាំងយប់ដើម្បីសុំទានបែបនេះ ជាការធ្វើទារុណកម្មលើសត្វគួរឱ្យអាណិត ដែលមានសុនខខ្លះដួលដេកគួរឱ្យសង្វេគផងដែរ ។

ប្រភពព័ត៌មានច្បាស់ការណ៍ឱ្យដឹងបានឱ្យដឹងថា សមត្ថកិច្ចបានសង្គ្រោះសត្វសុនខទាំងអស់នោះបានហើយមានចំនួន១០ក្បាលទាំងមេទាំងកូន គឺសុនខធំៗ៤ក្បាលអង្គុយសុំទាន និងកូនៗរបស់វា៦ក្បាលទៀតដែលនៅឯផ្ទះ ចំណែកម្ចាស់សុនខត្រូវបានសមត្ថកិច្ចនាំទៅធ្វើកិច្ចសន្យា ។

ជាមួយគ្នានោះលោក Sambath Meakthura បានទិញសុនខទាំងនេះក្នុងតម្លៃ៣០០ដុល្លារ ដើម្បីបញ្ចប់សកម្មភាពបែបនេះកុំឳ្យកើតមានទៅលើសត្វបន្តទៀត ។

តាមពិតទៅ សកម្មភាពគាំពារសត្វសុនខ និងឆ្មា មានអង្គការមួយបានចាប់ផ្តើមធ្វើសកម្មភាពតាំងពីឆ្នាំ២០១២មក ដោយមានស្ថាបនិកនៃអង្គការជួយសង្គ្រោះសត្វចិញ្ចឹមគ្មានទីពឹងនិងពិការភាព(PPAWS) ។ ដំបូងឡើយជាគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ ដែលមានចិត្តស្រ

ឡាញ់ និងអាណិតសត្វសុនខ និងឆ្មា ដែលរងគ្រោះគ្មានទីជម្រក ដោយព្យាយាមប្រមូលយកសត្វអនាថាទាំងនោះមកព្យាបាលថែទាំឡើងវិញ ។ ក្រោយមក ដោយសារចំនួនសត្វដែលប្រមូលបានមកពីតាមទីសាធារណៈចេះតែកើនឡើង ធ្វើឱ្យការថែទាំហាក់មានបន្ទុកសម្រាប់គាត់ធ្ងន់ទៅៗ ព្រោះត្រូវចំណាយថ្លៃព្យាបាលសត្វដែលមានបញ្ហានៅគ្លីនិកខាងក្រៅ ។

ដោយមើលឃើញពីបញ្ហាបែបនេះ គាត់ចាប់ផ្ដើមបង្កើតអង្គការមួយនេះឡើង ក្នុងគោលបំណងស្វែងរក និងជួយសង្គ្រោះសត្វសុនខ និងឆ្មាអនាថានៅកម្ពុជា ។ ដោយឃើញពីសកម្មភាពគាំពារនេះទទួលបានជោគជ័យច្រើន PPAWSត្រូវបានទទួលស្គាល់ថាជាអង្គការគាំពារសត្វអនាថាស្របច្បាប់មួយនៅកម្ពុជា ។

ជាមួយនឹងរឿងរ៉ាវសុនខសុំទាននេះ មហាជនបានលើកឡើងថា តើមនុស្សចិញ្ចឹមសត្វដើម្បីឱ្យសត្វរកលុយមកចិញ្ចឹមខ្លួនវិញឬបែបណា ?

នេះជាគំនិតថោកទាបខ្លាំងណាស់ ឱ្យសុនខរកលុយចិញ្ចឹមក្នុងរូបភាពឱ្យសត្វសុំទានជំនួសខ្លួន ។

នៅប្រទេសគេ ការចិញ្ចឹមសុនខដោយក្ដីស្រឡាញ់ ដោយបង្ហាត់ឱ្យចេះជួយម្ចាស់ដែលពិការភ្នែកមើលផ្លូវមិនឃើញ ឬចេះការពារម្ចាស់ ឬជួយសង្គ្រោះម្ចាស់ពីគ្រោះថ្នាក់។ល។ ផ្ទុយទៅវិញអ្នកចិញ្ចឹមសុនខរបស់យើង បែរជាចិញ្ចឹមបែបធ្វើទារុណកម្ម បង្ខំឱ្យអង្គុយសុំទានចិញ្ចឹមខ្លួនជាម្ចាស់ទៅវិញ ។

សម្រាប់សុនខសុំទាន បើម្ចាស់ជាជនពិការខ្វិនដើរមិនរួច ឬក៏ពិការភ្នែកវាសមទំនងបន្តិច តែកន្លងមក គេឃើញអ្នកមិនមានពិការភាពបណ្ដើរសុនខឱ្យពាំកន្ត្រកដាក់លុយដើរសុំទាន៕


Telegram