ភ្ញៀវទេសចរអន្តរជាតិនិង ប្រជាពលរដ្ឋ ចូលរួម ទស្សនាកម្សាន្ត បុណ្យអុំទូក ចំនួនប្រមាណជាង ១លាន ១សែននាក់នៅក្នុងថ្ងៃទី១ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក
សន្តិសុខសង្គម
72

រាជធានីភ្នំពេញ៖ យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានថានៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ មានភ្ញៀវ ទេសចរអន្តរជាតិនិង ប្រជាពលរដ្ឋ ចូលរួម ទស្សនាកម្សាន្ត បុណ្យអុំទូក ចំនួនប្រមាណជាង ១លាន ១សែន នាក់ ប្រកបដោយទឹកមុខសប្បាយរីករាយ ក្រោមម្លប់នៃសន្តិភាព។

លោកស្រីបានបញ្ចាក់ថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិនិងកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំឭកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស. ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

សម្រាប់ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រព្រឹត្តទៅ

ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រីផងដែរ ។ ប្រជាពលរដ្ឋលើកឡើងថា ដោយសារមានសន្តិភាពទើបមានភាពរីករាយ និងសុវត្ថិភាពបែបនេះ ៕ដោយ៖លីណា


Telegram