យោងតាមផេក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានបង្ហោះកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២១ ឲ្យដឹងថា៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានប្រកាសនៅក្នុងគេហទំព័រថា ក្រុមហ៊ុនគ្រោងនឹងឈប់ប្រើប្រាស់ទិន្នន័យឯកជនភាព ដែលក្រុមហ៊ុនតែងតែទាញយកពីអ្នកប្រើប្រាស់នៅពេលដែលពួកគេចូលប្រើគេហទំព័រ ជាងនេះទៅទៀតក្រុមហ៊ុនក៏នឹងឈប់បង្កើតកម្មវិធីបន្ថែមសម្រាប់តាមដានអ្នកប្រើប្រាស់ទៀតផង។
ការប្រកាសនេះបន្ទាប់ពី Google បានសន្យាកាលពីខែមករា ថា ពួកគេនឹងលុបចោលកម្មវិធីទាញយកទិន្នន័យតាមរយៈ Cookies ជាមួយនឹងជនទី៣ (Third-party) ដែលនេះជាប្រភពទិន្នន័យដ៏សំខាន់បំផុត របស់ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់តាមតាមដានអ្នកប្រើប្រាស់។
លោក David Temkin ដែលជាអ្នកទទួលបន្ទុកផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមិនចាំបាច់តាមដានអ្នកប្រើប្រាស់ រាល់គេហទំព័រដែលពួកគេបានចូលមើលជាលក្ខណៈឯកជន ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៀតទេ ហើយ Google នឹងប្រើទិន្នន័យដែលគេបានទាញយកជាក្រុមមកប្រើជំនួសវិញ។
ការផ្លាស់ប្ដូររបស់ក្រុមហ៊ុន Google ត្រូវបានក្រុមអ្នកតាមដានផ្នែកបច្ចេកវិទ្យាសន្និដ្ឋានថា វាដោយសារតែការដាក់សម្ពាធពីរដ្ឋាភិបាលជាច្រើនជុំវិញពិភពលោក ជាពិសេសពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ទាក់ទងទៅនឹងការរំលោភបំពានក្នុងការទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ដូច្នេះក្រុមហ៊ុនបានសម្រេចធ្វើការតែសម្រួលដើម្បីចៀសវាងកុំឱ្យរដ្ឋាភិបាលទាំងនោះដាក់ចេញនូវគោលការណ៍ណាមួយដែលក្រុមហ៊ុនពិបាកនឹងអនុវត្តតាម៕