ជនដៃដល់ជាប្តីសារភាពថា ខ្លួនបានយកកន្ត្រៃចុងស្រួចចាក់ទៅលើប្រពន្ធ រួចទាញពូកមកបាំងទ្វារ ហើយដុតស្លាប់ទាំងប្រពន្ធនិងកូន៥នាក់តែម្តង
សន្តិសុខសង្គម
392

ខេត្តកំពង់ឆ្នាំង៖ អ្នកនាំពាក្យស្នងការខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី គារ ប៊ុនធឿន បានបញ្ជាក់ប្រាប់អង្គភាព TVFB នៅមុននេះបន្តិចថា ករណីឆេះនៅស្រុកបរិបូរណ៍ស្លាប់៥នាក់ ម្តាយនិងកូន គឺជារឿងឃាតកម្ម ដោយប្តីបានស្លាប់ប្រពន្ធ និងកូន ពេលនេះនគរបាលកំពុងធ្វើការ ដោយសារមានការជួយពីអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវករណីនេះ បានរកឃើញតម្រុយ ថាពិតជារឿងឃាតកម្មពិតមែន ដោយសារមានមនុស្សចំនួន២នាក់ បានស្លាប់មុននឹងការឆេះនេះទៅទៀត ពេលនេះសមត្ថកិច្ចជំនាញសុំធ្វើការបន្តសិន ។

ជនសង្ស័យជឲឈ្មោះ នួន សារ៉េត អាយុ ៣៨ ឆ្នាំជាឪពុកនិងជាប្តីរបស់សមាជិកគ្រួសារទាំង ៥ នាក់ ដែលបានស្លាប់ក្នុងអគ្គិភ័យនេះ នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន ។ ក្រោយបើកការសាកសួរទៅលើជនសង្ស័យជាប្តីបានសារភាពថាខ្លួនពិតជាបានសម្លាប់ប្រពន្ធដោយយកកន្ទ្រៃចុងស្រួចចាក់ទៅលើប្រពន្ធ រួចទាញពូកមកបាំងទ្វារ ទើបធ្វើសកម្មភាពដុតបណ្តាលឲ្យឆេះស្លាប់ទាំងកូនតែម្តង ។

បើយោងតាមផែកផ្លូវការរបស់អង្គភាពការពារកុមារ (CPU) សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានចោទប្រកាន់ ឈ្មោះ នួន សារ៉េត ជាឪពុក ពីបទឃាតកម្ម សម្លាប់មនុស្សចំនួន ៥នាក់ ដែលជាប្រពន្ធនិងកូន ពាក់ព័ន្ធនឹងអគ្គិភ័យដែលបានឆាបឆេះផ្ទះ កាលពីថ្ងៃទី ៩ ខែឧសភាឆ្នាំ ២០២១ នៅចំណុចអ្នកតារាជ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សមាជិកក្រុមការងារបានធ្វើការ ក្នុងរយៈពេល ៣ថ្ងៃ ដើម្បីប្រមូលភស្តុតាងក្នុងករណីនេះ ដែលមានការចូលរួម ពីសំណាក់ក្រុមអ្នកជំនាញ ។

លោក James McCabe នាយកនៃ អង្កការស៊ើបអង្កេតលើការស្លាប់របស់កុមារ ហៅកាត់ CPU បានប្រាប់ឲ្យដឹងថា« វាច្បាស់ណាស់ពីការធ្វើកោសល្យវិច្ច័យដំបូងនៃកន្លែងស្លាប់ និងបទឧក្រិដ្ឋដែលមានអ្វីខុសប្រក្រតីកើតឡើង នៅក្នុងបរិវេណនៃកន្លែងកើតហេតុ ។ នេះជាករណីសោកនាដកម្មមួយដែលបានជះឥទ្ធិពលដល់យើងទាំងអស់គ្នា ការបាត់បង់អាយុជីវិតក្មេងតូចៗយ៉ាងច្រើន។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នករាល់គ្នា ដែលចូលរួមក្នុងការស៊ើបអង្កេតនេះ គឺមានតែតាមរយៈការយកចិត្តទុកដាក់និងការប្តេជ្ញាចិត្តរបស់អ្នកស៊ើបអង្កេតនិងអ្នកជំនាញខាងកោសល្យវិច្ច័យ ដែលយើងអាចប្រមូលភស្តុតាងបានគ្រប់គ្រាន់ ដើម្បីបង្ហាញថាបុគ្គលនេះត្រូវបានកាត់ទោសពីបទឃាតកម្ម ដ៏សាហាវនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកជំនាញអូស្ត្រាលីដែលបានជួយក្នុងការពិនិត្យ ដល់ការរកឃើញមួយនេះ »។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យ ដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំងបានធ្វើកោសល្យវិច័យសាកសពទៅលើសាកសពទាំង៥ នៅថ្ងៃទី១០ ខែឧសភា ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារចម្រុះ ECHO 21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យ នៅខេត្តកំពង់ឆ្នាំង ដែលបានបង្កអោយមនុស្សស្លាប់ចំនួន៥នាក់ ៕


Telegram