ករណីប្លន់ប្រដាប់អាវុធ ជនជាតិចិន បាញ់ប្លន់លើជនជាតិចិនដូចគ្នា សមត្ថកិច្ចតាមប្រមាញ់បាន៣នាក់ ផ្អើលក្រុងព្រះសីហនុ
សន្តិសុខសង្គម
217

ខេត្តព្រះសីហនុ៖ តាមបទសម្ភាសន៍ ឯកឧត្តម ជួន ណារិន្ទ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់មកកាន់អង្គភាព TVFB នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ថា ពិតជាករណីជនជាតិចិន ប្លន់ប្រដាប់អាវុធទៅលើជនជាតិចិនដូចគ្នា ពិតមែន។

ក្នុងនោះ បើតាមរបាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី១៤.០៥.២០២១ វេលាម៉ោង១៧:៥០នាទី មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចថា នៅផ្លូវ

ចំណោទសេតេ ក្នុងក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះ សីហនុ មានករណីជនជាតិចិនប្រើកាំភ្លើងភ្ជង់ជនជាតិចិនដូចគ្នា និងមានផ្ទុះអាវុធ១គ្រាប់ផងដែរ ដោយខ្មាន់កាំភ្លើងពាក់អាវយឺតពណ៌ខ្មៅដៃខ្លី និងស្លៀកខោខូវប៊យជើងខ្លី ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ តែជនសង្ស័យបានគេចខ្លួនបាត់អស់ ។

កម្លាំងសមត្ថកិច្ចបានបន្តការស្រាវ ជ្រាវយ៉ាងយកចិត្តទុកដាក់ និងល្បាតស្វែងរកជនសង្ស័យតាមភិន ភាគដែលប្រជាពលរដ្ឋបានរាយការណ៍ លុះដល់ចំណុចផ្លូវលំតូចមួយស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ក៍ប្រទះជនសង្ស័យដែលជាខ្មាន់កាំភ្លើង ភ្លាមនោះកម្លាំងសមត្ថកិច្ច បានស្រែកឲ្យជនសង្ស័យឈប់ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងចេញពីចង្កេះ បាញ់មកលើកម្លាំងសមត្ថកិច្ចយើងចំនួន២គ្រាប់ តែមិនត្រូវកម្លាំងសមត្ថកិច្ចឡើយ ហើយជនសង្ស័យបានរត់ចូលផ្ទះទុក ចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះមួយដើម្បីគេចខ្លួន ។ រហូតដល់វេលាម៉ោង១៨:៤០នាទី ទើបចាប់បានជនសង្ស័យដែលកំពុងសង្ងំលាក់ខ្លួនក្បែរផ្ទះប្រជាពលរដ្ឋ ។

បន្ទាប់មកនៅវេលាម៉ោង១៩:០០នាទី ខាងកាស៊ីណូ ជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានទូរស័ព្ទរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចជំនាញថា ជនរងគ្រោះដែលត្រូវជនសង្ស័យភ្ជុងប្លន់នៅផ្លូវចំណោទសេតេ គឺជាបុគ្គលិករបស់កាស៊ីណូ ជិនប៉ី៣ ហើយខាងក្រុមហ៊ុនកាស៊ីណូ ជិនប៉ី៣ បានសហការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ២នាក់ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ចតែម្តង ។

ជនសង្ស័យទាំង៣នាក់៖

១-ឈ្មោះ ZHANG DONG ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន(ជាខ្មាន់កាំភ្លើង) ។

២-ឈ្មោះ YUE XIAO BING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ។

៣-ឈ្មោះ YANG TIANYIN ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន ។

ជនសង្ស័យទាំង២នាក់នេះ ត្រូវគេប្រើហិង្សាដោយមានស្នាមជាំ និងបែកឈាមជាច្រើនកន្លែងនៅលើដងខ្លួន ដៃ និងជើង ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូត ៖

-កាំភ្លើងខ្លី១ដើម ម៉ាក K59 មានលេខសម្គាល់ 7777

-បង់កាំភ្លើង១ មានគ្រាប់៤គ្រាប់ (ប្រភេទ9mm ឆ្នៃក្បាលគ្រាប់)

-សំបកកាទុស៥គ្រាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ កំពុងធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាត់ការបន្តតាមនិតិវិធីច្បាប់៕


Telegram