រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៏ឯកឡឹក វណ្ណៈនាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀនបានបញ្ជាក់ប្រាប់TVFBនៅថ្ងៃត្រង់ទី១៦ខែឧសភា ឆ្នាំ២០២១នេះថាសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៧០ គីឡូក្រាម នៅរាជធានីភ្នំពេញ។
ជាមួយនេះឧក្រឹដ្ធជនទាំង២នេះ ត្រូវបានបញ្ជូនទៅតុលាការហេីយនៅព្រឹកនេះ ដេីម្បីចាត់ការតាមនិតិវិធីច្បាប់ហេីយ។
សូមបញ្ជាក់ថាដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
សមត្ថកិច្វបានបន្តការស៊ើបអង្កេតតាមជំនាញ លើករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១៩:០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ចូលរួមសហការពីកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ដោយលទ្ធផល ឃាត់ខ្លួនមេក្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០២នាក់គឺឈ្មោះ LIU JIC ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិននិងម្នាក់ទៀតឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិចិន។
ជាមួយគ្នានេះសមត្ថកិច្ចដកហូតយកវត្ថុតាង
1. សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 52 kg 768.50g
2. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់ 17 kg 292.59g
3. មេតំហ្វេតាមីន(ICE) 11.79 g
ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 70 kg 072.88 g។
សូមបញ្ជាក់ជនសង្ស័យទាំង២នាក់បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជម្ងឺកូវីដមាន លទ្ធផល" អវិជ្ជមាន" ។
សមត្ថកិច្ចជំនាញបានបង្ហេីបថាបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន និងបើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ផងដែរ៕