រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជនជាតិចិនសរុបចំនួន៣នាក់ ក្នុងនោះរួមមានទាំងគ្រឿងញៀនសរុបជិត៨០គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបានជាបន្តបន្ទាប់ ក្នុងក្រុងភ្នំពេញ ។
ក្នុងនោះដំបូងឡើយ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះធ្វើការចាប់ឃាត់ខ្លួន ជនជាតិចិន ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក ឆ្លងកាត់កម្ពុជា ទៅវៀតណាម ដែលបានសហការបង្ក្រាបនៅខេត្តស្វាយរៀង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដកហូតគ្រឿងញៀនជាង៧០គីឡូក្រាម។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១៩និង០៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក១០ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការ បន្តបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចទល់មុខផ្សារម៉ាតស៊ីផ្លេស ក្នុងបុរីប៉េងហួតបឹងស្នោ និងឆែកឆេរលំនៅដ្ឋានជនសង្ស័យ ផ្ទះលេខ២៧ ផ្លូវP10 បុរីប៉េងហួតបឹងស្នោរ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជាលទ្ធផល ឃាត់ខ្លួនមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀន ចំនួន០២នាក់៖ ទី១-ឈ្មោះ LIU JIC ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន, ទី២-ឈ្មោះ CHAN HUNG FAI ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិចិន ។ ដកហូត បានរួមមាន ៖ ១.សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី(MDMA) ទម្ងន់៥២គ.ក ៧៦៨.៥០ក្រាម, ២. ហេរ៉ូអ៊ីន ចំនួន ៤៩ដុំ ស្មើទម្ងន់១៧គ.ក ២៩២.៥៩ក្រាម, ៣.មេតំហ្វេតាមីន(ICE) ១១.៧៩ក្រាម
ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ៧០គ.ក ០៧២.៨៨ក្រាម និងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន បើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់។
ក្រោយមក ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបានបន្ត ចាប់ឃាត់ខ្លួនបាន ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ទៀរ រឹបអូសបានថ្នាំញៀនជិត៧គីឡូក្រាម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣៥នាទី នៅចំណុចបេនឡានអូរឫស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឧក្រិដ្ឋជនគ្រឿងញៀននេះ មានឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស កើត១/៧/១៩៧២ ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ដកហូតរួមមាន៖ ១. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៩៧១.៧៧g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឈរ), ២.កេតាមីន(Ketamine) ទម្ងន់ 5 kg ៥៧៨.៩៥g, ៣. មេតំហ្វេតាមីន(ICE) ៩៣.១៩g។ វត្ថុតាងគ្រឿងញៀន សរុប៦ kg ៦៤៣.៩១g, សារធាតុផ្សំ(មិនច្បាស់ប្រភេទ) ១២ kg ៤៤០ g និង ១០កំប៉ុង ស្មើទម្ងន់ ១kg។
បច្ចុប្បន្ន ឧក្រិដ្ឋជនគ្រឿងញៀនទាំង៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ជិត៨០គីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ