រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្ដាលអោយបុរសម្នាក់បានស្លាប់បាត់បង់ជីវិត និង ៣នាក់ទៀត ក្នុងនោះមានស្ត្រីម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយត្រូវរថយន្តម៉ាកស៊ីណា បើកបញ្ច្រាស មកបុករះម៉ូតូជាច្រើនគ្រឿង ខ្ទេចរណូករណែលពេញផ្លូវ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នាវេលាម៉ោង ៥ ល្ងាចថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ ។
តាមរបាយការណ៍របស់សមត្ថកិច្ច ដែលក្រុមការងារ TVFB ទទួលបាន បានបញ្ជាក់ថា មុនពេលកើតហេតុ រថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BI- 5708 បើកបរដោយឈ្មោះ ហ័ង តាវហ្វា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ បុគ្គលិករោងចក្រ ជី ហ៊ួយ ជនជាតិចិន ក្នុងនោះមានអ្នករួមដំណើរមានគ្នា២នាក់ ក្នុងទិសដៅពីជើងទៅត្បូងបញ្រ្ចាស់ផ្លូវ លុះមកដល់ចំណុចកើតហេតុ រថយន្ត បុករះម៉ូតូចំនួន៣ គ្រឿង ដែលបើកបរស្របគន្លងផ្លូវតាមច្បាប់ចរាចរណ៍ពីជើងទៅត្បូង បុកយ៉ាងពេញទំហឹង រួមមាន ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1C-3533 បើកបរដោយឈ្មោះ ភឿន សាមាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត ដោយមានអ្នករួមដំណើរឈ្មោះ សិដ្ឋ សុជា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិឃុំជាមួយគ្នា ទាំង២នាក់ បញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរសំរាកព្យាបាល ស័ង្កម៉ារី , ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1V-1524 បើកបរដោយឈ្មោះ សំអឿន វុទ្ធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ កម្មការីនីរោងចក្រ មានទីលំនៅភូមិតានួន សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (រងរបួសធ្ងន់ សំរាកព្យាបាលនៅមន្ទីរសំរាកព្យាបាល ស័ង្កម៉ារី) និងម៉ូតូទី៣ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1E-3641 បើកបរដោយឈ្មោះ អែម វីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទ្រាំងស្បែក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ)។ ចំណែកឯអ្នកបើកបរ រថយន្តបង្កជាជនជាតិចិន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។
បើតាមសម្តីរបស់បងប្រុសបង្កើតជនរងគ្រោះ និងប្អូនៗស្រី ដែលជាបងប្អូនបង្កើតនឹងគ្នា កំពុងយំបោកខ្លួននៅទីតាំងកើតហេតុ បានឲ្យដឹងថា ប្អូនរបស់គាត់ល្អណាស់ ស្លូតបូត ហើយទើបតែនាំគ្នាឡើងពីផ្ទះនៅខេត្តតាកែវ ដើម្បីមកធ្វើការរោងចក្រ លុះដល់ចំណុចកើតហេតុ ពួកគាត់កំពុងជិះយឺតៗ ដើម្បីចាំម៉ូតូប្អូនស្រី របស់គាត់១គ្រឿងទៀតដែលបែកកង់នៅខាងក្រោយ ស្រាប់តែមានរថយន្តជនជាតិចិន បើកមកបុករះទាំង៣គ្រឿងទាំងកំរោលតែម្តង ។
ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ បានធ្វើការវាស់វែងយកម៉ូតូនិងរថយន្តប្រគល់មកឲ្យការិយាល័យចរាចរណ៍នៃស្នងការរដ្ឋានរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មេសា