រាជធានីភ្នំពេញ៖ រថយន្តសណ្តោងទូរកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួតតេងឡាយមួយគ្រឿង បើកក្នុងល្បឿនលឿនជ្រុលទៅ បុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឲ្យបាក់ចំនួន ៤ កង់ ហើយរថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងកាលពីវេលាម៉ោង ៤ និង ៤០ នាទីទៀបភ្លឺថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិស្វាយប៉ាក់ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត សណ្តោងទូរកុងតឺន័រមួយគ្រឿង ម៉ាកFUSO ពាក់ស្លាកលេខភ្នំពេញ3C-0635 ជារថយន្តរបស់ក្រុមហ៊ុន ផែស្ងួតតេងឡាយ បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្គូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្ដាលឱ្យបែកខ្ទាតចេញពីជួរ ចំនួន៤កង់ ចំណែករថយន្តបណ្ដាលឱ្យរងការខូចខាតដាច់កង់មុខទាំងពី រួមទាំងផ្នែកខាងមុខទៀតស្ទើតែទាំងស្រុង តែមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ បន្ទាប់ មក តៃកុងរថយន្តបានចុះពីលើរថយន្ត ហើយរត់គេចខ្លួនបាត់ស្រម៉ោលពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាស់វែង យករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋ៕