បន្ទាយមានជ័យ៖ ពលករខ្មែរត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់និងច្រកបឹងត្រកួនរយៈពេល១ថ្ងៃមានចំនួន១១៨នាក់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ។
លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះក្រុមការងារមណ្ឌលសំចោតច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានទទួលប្រជាពលរដ្ឋខ្មែរជាពលករខ្មែរដែលត្រឡប់ពីប្រទេសថៃមានចំនួន១០៨នាក់ស្រី៤នាក់ក្នុងនោះមានប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ៦០នាក់ ខេត្តបាត់ដំបង៨នាក់ ខេត្តកំពង់ធំ១១នាក់ ខេត្តកំពត២នាក់ ខេត្តពោធិ៍សាត់៤នាក់ ខេត្តសៀមរាប៣នាក់ ខេត្តតាកែវ២នាក់ ខេត្តឧត្តរមានជ័យ៧នាក់ ខេត្តប៉ៃលិន១នាក់។
លោក អែម សុខា អភិបាលស្រុកថ្មពួកបានបញ្ជាក់ថា៖ថ្ងៃនេះដែរក្រុមការងារមណ្ឌលសំចោតច្រកបឹងត្រកួនស្រុកថ្មពួក បានទទួលប្រជាពលរដ្ឋខ្មែរជាពលករត្រឡប់ពីប្រទេសថៃតាមច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះមានចំនួន១០នាក់ស្រី៦នាក់រស់នៅ ខេត្តសៀមរាប ៤នាក់ ខេត្តស្វាយរៀង៣នាក់ ខេត្តតាកែវ ២នាក់ ខេត្តបាត់ដំបង១នាក់។
អភិបាលស្រុកទាំងពីរប្រាប់ថា៖ចំពោះប្រជាពលរដ្ឋខ្មែរដែលត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ និងច្រកតំបន់ព្រំដែនបឹងត្រកួនស្រុកថ្មពួកដែលត្រូវបានក្រុមការងារនៅមណ្ឌលសំចោតទទួលពិនិត្យសុខភាពហើយអប់រំណែនាំនិងជូនអាហារពួកគាត់រួចត្រូវបានដឹកជញ្ជូនតាមរថយន្តក្រសួងការពារជាតិទៅដាក់តាមមណ្ឌលដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ដោយ៖ចិន្ត្រា