រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើការបាញ់ពន្លត់ កាលពីនៅវេលាម៉ោង ២៣និង០២នាទីយប់ ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្លូវ២៨៨ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ម្ចាស់ដែលឆាបឆេះនេះមានឈ្មោះ ឈយ លីណា ភេទស្រី អាយុ ៤៣ឆ្នាំ ជាម្ចាស់ផ្ទះជួល ហើយអគ្គិភ័យនេះ បានឆេះផ្ទះប្រភេទថ្មបេតុង (ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ) បណ្តាលឲ្យខូចខាតឆេះសម្ភារៈទូរទឹកកក ២គ្រឿង, កង្ហារ ១, តុកៅអីរួមសម្ភារៈផ្ទះបាយមួយចំនួន និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ
ភ្លាមៗ គេឃើញមានសមត្ថកិច្ច រួមទាំងកងកម្លាំងជាច្រើននាក់ បានចុះមកធ្វើការអន្តរាគមន៍ ដោយមានរថយន្តការិយាល័យអគ្គិភ័យ ចំនួន ៥គ្រឿង ចុះមកបាញ់ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប ទើបរលត់ទៅវិញ ។
ចំណែកមូលហេតុនៃការឆាបឆេះ ត្រូវបាន ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ៕