អត់លុយទិញថ្នាំញៀន គាស់សាលាឃុំចូលលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន
សន្តិសុខសង្គម
159

ខេត្តកំពង់ឆ្នាំង៖  មើលមុខបុរសម្នាក់នេះ មានវ័យចំណាស់ទៅហើយ បែរត្រូវបាន សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានធ្វើការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កាពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១ ពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដោយសារថ្លើមធំ ហ៊ានលួចគាស់ចូលក្នុងសាលាឃុំ ហើយនិងយកលុយរបស់សាលាឃុំដែលបម្រុងទុកចំនួន ២លាន ៣០ ម៉ឺនរៀល ។

តាមការបញ្ជាក់ពី លោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី ១៥ ខែឧសភា មានជនសង្ស័យលួចគាស់ចូលក្នុងសាលាឃុំ ហើយបានលួចលុយរបស់សាលាឃុំដែលបម្រុងទុកចំនួន ២លាន ៣០ ម៉ឺនរៀល ។ លុះព្រឹកថ្ងៃទី ១៦ ខែឧសភា ទើបមន្ត្រីសាលាឃុំបានដឹងហើយក៏បានរាយការណ៍និងចាត់ចែងឲ្យមានការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនបាន នៅរសៀលថ្ងៃទី ១៧ ខែឧសភា ជាមួយនឹងថ្នាំញៀន និងថវិកាហើយបានប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

ជាមួយគ្នានេះមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ រ៉េត តិ អាយុ ២៩ ឆ្នាំមានទី លំនៅ ៗ ភូមិអូរល្ពៅ ឃុំក្តុលសែនជ័យស្រុកទឹកផុស ។ ក្រោយការឃាត់ខ្លួនជនសង្ស័យ បានសារភាពថាពិតជាបានលួចលុយក្នុងសាលាឃុំក្តុលសែនជ័យពិតមែន ហើយ បានយកប្រាក់ចំនួនចំនួន ១លាន ៣០ម៉ឺនរៀលប្រគល់ឱ្យប្រពន្ធ និងសល់ប៉ុន្មានខ្លួនបានផឹកស៊ីនិងទិញថ្នាំញៀនប្រើប្រាស់អស់ទៅហើយ ។

សមត្ថកិច្ចនគរបាលខេត្ក កំពង់ឆ្នាំងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់សាលាដំបូង នៅព្រឹកថ្ងៃទី ១៨ ខែឧសភានេះ៕ 


Telegram