រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានលេបត្របាក់ផ្ទះឈើមួយខ្នង ឆេះយ៉ាងសន្ធោសន្ធៅ ក្រោមកម្តៅអណ្តាតភ្លើងព្រះអគ្គី រាប់ម៉ឺន រាប់សែនអង្សារ ឆេះអស់គ្មានសល់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ខណៈរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២ បញ្ជាក់ថា ផ្តើមចេញពីការផ្ទុះកំប៉ុងហ្គាស បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង២០នាទី ថ្ងៃត្រង់ទី១៩ ខែឧសភា ឆ្នាំ២០២១ ដែលស្ថិតនៅ ចំណុចផ្លូវ៦៥BT ក្រុម៤០ ភូមិ៥ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍បឹងទំពន់ទី២ ដែលក្រុមការងារTVFB ទទួលបាន បញ្ជាក់ថា ម្ចាស់ផ្ទះដែលឆាបឆេះនេះ មានឈ្មោះ ប៊ុត សុភាព ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរនៅផ្ទះ ត្រូវបានអគ្គិភ័យឆាបឆេះផ្ទះដែលសង់ពីឈើប្រក់ស័ង្កសី (ទំហំ ៦ម៉ែត្រ x ៩ម៉ែត្រ) យ៉ាងខ្មួរខ្មាញ់ អស់ទាំងស្រុង បណ្តាលមកពីការ ផ្ទុះកំប៉ុងហ្គាស ហើយក៏បានបណ្តាលឲ្យបុរសម្នាក់ ឈ្មោះ ផន ចន្ថា អាយុ៤២ឆ្នាំ មុខរបរជាងឈើ បានរងរបួសផងដែរ តែមិនបានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
ភ្លាមៗគេឃើញមានរថយន្តពន្លត់អគ្គិភ័យ របស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ស្មើរនឹង២៨ម៉ែត្រ គូប និងមានរថយន្តពន្លត់អគ្គិភ័យ ជំនួយរួមមាន រថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រ គូប ទើបរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង ១និង១០នាទី រសៀលថ្ងៃដដែល៕