ឃើញគេកំពុងឈរលក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន លួចម៉ូតូបានហើយ តែគេតាមទាន់ ផ្តួលម៉ូតូរត់ចូលព្រៃ ត្រូវសមត្ថកិច្ចរុករកក្នុងព្រៃចាប់បានមកវិញ
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ឃើញគេកំពុងឈរលក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន លួចម៉ូតូបានហើយ តែគេតាមទាន់ ផ្តួលម៉ូតូរត់ចូលព្រៃ ត្រូវសមត្ថកិច្ចរុករកក្នុងព្រៃ និង តាមផ្លូវក៏ប្រទះឃើញជនសង្ស័យកំពុងដើរ ក៏ចាប់ឃាត់ខ្លួនតែម្តងពីបទលួច (ម៉ូតូ)និង ប្រើប្រាស់គ្រឿងញៀន ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១ និង ៤០ នាទី ថ្ងៃទី ៣០ ខែ ឧសភាឆ្នាំ ២០២៥ ចំណុចមុខសាលាបឋមសិក្សាហ៊ុន សែនព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ រុន សុធន ហៅពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដភូមិ ជីពាយ ឃុំ ព្រៃពាយ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន(+)។ ដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាដ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ផ្លាកលេខភ្នំពេញ1LA-4884 (ជារបស់ជនរងគ្រោះឈ្មោះ ប៉ិល ថាវរី ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រៃទទឹង ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល រកឃើញវិញ) ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៤០ នាទី ជនរងគ្រោះកំពុងឈរលក់ព្រីងនៅមុខសាលាបឋមសិក្សាហ៊ុន សែន ព្រៃទទឹង ហើយទុកម៉ូតូនៅក្បែរខ្លួន ខណៈពេលនោះជនរងគ្រោះរវល់លក់ព្រីងឲ្យសិស្សសាលាភ្លេចខ្លួន ជនសង្ស័យក៏បានធ្វើសកម្មភាពឡើងជិះបញ្ឆេះម៉ូតូរបស់ជនរងគ្រោះ ជិះមកទិសខាងលិច ហើយជនរងគ្រោះក៏បានស្រែកអោយបង ប្អូនជួយចេញចាប់ បន្ទាប់មកក៏មានបង ប្អូនជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ រួចក៏តាមទាន់នៅចំណុចភូមិ ដំរីឆ្លង ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ជនសង្ស័យក៏ផ្តួលម៉ូតូរត់ចូលក្នុងព្រៃបាត់។

ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលខ្ពបបានចុះដល់កន្លែងកើតហេតុបានស្វែងរកជនសង្ស័យ និង រុករកក្នុងព្រៃ និង តាមផ្លូវក៏ប្រទះឃើញជនសង្ស័យកំពុងដើរមកដល់ចំណុចភូមិ ខ្ពបលើ ឃុំ ខ្ពប រួចក៏បានឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕ នុច


Telegram