ខេត្តបាត់ដំបង៖ មុខសញ្ញាជំនាញចូលលួចទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ របស់អ្នកជំងឺ និងក្រុមគ្រូពេទ្យស្ទើរតែរាល់យប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង យ៉ាងសកម្មនោះ អស់លក្ខណ៍ជាប់អន្ទាក់កងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបានហើយ។ជាមួយគ្នានេះក៍បានកសាងសំនុំរួចនិងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ។
តាមសម្តីលោក សូ ឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានដ្ឋាន កងរាជអាវុធហត្ថខេត្តបានបញ្ជាក់ប្រាប់បណ្តាញព័ត៍មានថា៖ ជនសង្ស័យ មានឈ្មោះ សូ ភារិទ្ធ អាយុ ២៨ ឆ្នាំ នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ជននេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានកាលពីវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ឧសភា ខណៈជននេះ បង្ហាញខ្លួន នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះ មានឈ្មោះ ឈិន សុផារ៉ា ភេទស្រី អាយុ២៣ឆ្នាំ។
លោក បន្តថា ជនសង្ស័យរូបនេះ បានបន្លំខ្លួនធ្វើជាគ្រូពេទ្យ ដើរពិនិត្យអ្នកជំងឺ តែពេលយប់ស្ងាត់ ហើយធ្វើសកម្មភាពលួចទូរស័ព្ទដៃ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ របស់រអ្នកជំងឺ និងគ្រូពេទ្យ ហើយលើកចុងក្រោយអស់ល័ក្ខ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវចាប់ខ្លួនបាន ហើយនាំទៅសាកសួរ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
គួររម្លឹកថា កន្លងមក នៅក្នុងមន្ទីរពេទ្យខេត្ត មានអ្នកជំងឺ និងគ្រូពេទ្យមួយចំនួន តែងតែបាត់ ទូរស័ព្ទដៃ និងទ្រព្យសម្បត្តិ ជាញឹកញាប់ ពិសេសពេលយប់ជ្រៅ។ ជាក់ស្ដែងយោងតាមរូបភាព ដែលថតបាន ក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមអគារនានា នៃមន្ទីរពេទ្យ បានបង្ហាញរូបចោរនោះច្បាស់ ទើបសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនតែម្តង។
ដោយឡែកជុំវិញករណីនេះដែរ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក មាស សុវណ្ណ បានឲ្យដឹងដែរថា ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថារូបគេពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់ពិតមែន។ ទើបលោកបញ្ជាឲ្យកម្លាំងជំនាញ បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕