គេចទៅណារួច!!!ស្រីស្រស់ជាបក្សពួកក្រុមចោរកាច់កម៉ូតូមានកាំភ្លើងបាញ់គំរាម យ៉ាងសកម្មនៅក្រុងកំពង់ចាមត្រូវបានសមត្ថកិច្ចតាមប្រមាញ់ចាប់បាននៅដែនដីខេត្តសៀមរាប
សន្តិសុខសង្គម
268

ខេត្តកំពង់ចាម ៖ សមត្ថកិច្ចខេត្តកំពង់ចាមបន្តតាមចាប់ខ្លួនបក្ខពួករបស់ក្រុមចោរលួចប្រដាប់អាវុធបន្តទៀត ព្រោះ ក្រោយពីធ្វើសកម្មភាពរួច បក្ខពួកជាស្រ្តីម្នាក់បានរត់ទៅសម្ងំលាក់ខ្លួននៅខេត្តសៀមរាប ។ទីបំផុត ក្រោយពីបង្រ្កាបក្រុមចោរកាច់កម៉ូតូមានកាំភ្លើងបាញ់គំរាម យ៉ាងសកម្មនៅក្នុងក្រុងកំពង់ចាមដោយជោគជ័យកាលពីពេលថ្មីៗនេះ នគរបាលផែនការងារព្រហ្មទណ្ឌបានតាមប្រមាញ់ចាប់ស្ត្រីមុខស្រស់ស្អាត តែជាបក្សពួកចោរបាននៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះបានប្រាប់បណ្តាញព័ត៍មានឱ្យដឹងថាលោកបានចាត់ឱ្យកម្លាំងជំនាញនៃផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ ហោ អនុប្រធានការិយាល័យផែនការងារព្រហ្មទណ្ឌ ទៅសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានខេត្តសៀមរាប ដើម្បីចុះអនុវត្តដីកានាំខ្លួនលេខ ៤២១ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ចេញដោយចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម នៅចំណុចសាលារៀនទឹកលិច ស្ថិតក្នុងឃុំទឹកលិច ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលបង្គាប់ឲ្យនាំខ្លួនឈ្មោះ គី ចន្ថា ហៅស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទ លួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ឱ្យដឹងតាមចម្លើយសារភាពរបស់ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន គឺនារីរូបនេះជាអ្នកដឹកជនដៃដល់ឱ្យធ្វេីសកម្មភាពប្រព្រឹត្តបទលើ្មសតាមរយៈសកម្មភាពកាច់កម៉ូតូដោយប្រើកាំភ្លើងបាញ់គំរាម នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ នគរបាលបានឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះ៣នាក់ជាប់ពាក់ព័ន្ធនឹងការប្រេីអាវុធបាញ់គំរាមប្លន់យកទ្រព្យសម្បត្តិជនរងគ្រោះ ដែលកន្លងមកក្រុមនេះធ្លាប់ធ្វើសកម្មភាពចំនួន១៥លើកក្នុងភូមិសាស្ត្រខេត្តកំពង់ចាមហើយយកទៅលក់នៅរាជធានីភ្នំពេញ និង២នាក់ទៀតជាអ្នកចាំទទួលទិញផលចោរកម្មនៅចំណុចតាមផ្លូវវិមានឈ្នះ=ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដេីម្បីបញ្ជូនពួកគេទៅកាន់ សាលាដំបូងចាត់ការតាមច្បាប់ ។

កិច្ចសហការប្រតិបត្តិការនេះចូលរួមដោយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម/ក្រុងកំពង់ចាម ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ឋី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សាន សុភៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕


Telegram