រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈរថយន្តព្រូសមួយគ្រឿង បើកលើផ្លូវសុខៗស្រាប់តែឆ្លងចរន្តអគ្គិសនី ចេញផ្សែងពីផ្នែកខាងមុខនៃរថយន្ត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាទាញបំពង់បង្ការនិងពន្លត់ភ័យ មកជួយបាញ់ពន្លត់ កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២០០៤ ជិតស្តុបណតប្រ៊ីជ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកបើកបររថយន្តបានបញ្ជាក់ប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7135 រួមដំណើរ២នាក់ប្ដីប្រពន្ធ ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏ហុយផ្សែងចេញពីផ្នែកខាងមុខ សង្ស័យឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋដែលនៅជិតនិងទីតាំងកន្លែងកើតហេតុ បានទាញបំពង់បង្ការនិងពន្លត់អគ្គីភ័យជាច្រើនបំពង់ ធ្វើការបាញ់ទើបរលត់ តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបររថយន្តរួមនិងអ្នកដំណើររងរបួសទ្បើយ។
ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាននៃខណ្ឌសែនសុខ ក៏បានចុះទៅដល់ទីតាំងកន្លែងកើតហេតុបានឲ្យម្ចាស់រថយន្តខាងលើហៅរថយន្តស្ទូចដើម្បីយកទៅធ្វើខ្លួនឯង ៕