ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ខ្លួនបាន២នាក់
សន្តិសុខសង្គម
587

រាជធានីភ្នំពេញ៖ យោងតាមផេក ការិ​.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ក្រុមឆក់កាបូបជនជាតិចិន មានលុយជាង២០ម៉ឺនដុល្លារ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបាន២នាក់ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង និងផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល។

ក្នុងនោះ កាលពីថ្ងៃ១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៣និង៣០នាទីរសៀល នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិចិន បង្កដោយជនសង្ស័យចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ២គ្រឿងម៉ាក Nex សេរី២០២០ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ និងម៉ាកហុងដាឃ្លីក ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានស្លាកលេខ បានសម្រេចរួចគេចខ្លួនបាត់តែម្តង។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន០២នាក់ នៅចំណុចផ្សេងៗគ្នា មានឈ្មោះដូចខាងក្រោម៖

* ទី១៖ ឈ្មោះ ស្វាយ រិទ្ធី ហៅ (ប៊យ) អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

* ទី២៖ ឈ្មោះ ជុំ ស៊ីជែន អាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ នៅចំណុចសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

វត្ថុតាងដកហូត៖

-ម៉ូតូធ្វើសកម្មភាពឆក់ម៉ាកនិច ០១គ្រឿង

-ប្រាក់ដុល្លារមួយចំនួន (ប្រាក់ជនរងគ្រោះ)។

តាមចម្លើយរបស់ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់) ជនជាតិចិន នៅមុខផ្សារផេនស៊ល ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ប្រាកដមែន។

បច្ចុប្បន្ននាយកដ្ឋានកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ 



Telegram