ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចោរកម្ម និងទទួលផលចោរកម្ម ត្រូវបាននគរបាលឃាត់ខ្លួនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង៥៥នាទី នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយករណីបានកើតឡើង។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ឧសភា នេះថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង៥៥នាទី នៅចំណុចអូរទី៣ ស្ថិតនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើចោរកម្ម (លួចម៉ូតូ) មួយករណីបានកើតឡើង។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ក្នុងខណៈពេលដែលជនរងគ្រោះចតទុកនៅក្នុងបរិវេណផ្ទះ រួចជិះគេចខ្លួនបាត់។
លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង០០នឹង ២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ជាបន្តបន្ទាប់ មានទាំងជនដៃដល់ដែលលួចម៉ូតូ និងអ្នកចាំទទួលទិញម៉ូតូដែលលួចបាន ព្រមទាំងធ្វើការដកហូតបានម៉ូតូដែលជាផលនៃអំពើចោរកម្មចំនួន ០៦គ្រឿង។
ជនរងគ្រោះឈ្មោះ សាន់ ថាន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមន្ត្រីរដ្ឋករទឹក មានទីលំនៅក្រុមទី២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ សម្ភារបាត់បង់៖ ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ-661-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933។
ជនសង្ស័យ៤នាក់ ទី១-ឈ្មោះ តឹក លីវុទ្ធារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់), ទី២-ឈ្មោះ ថោង សាវ៉ាត ហៅ ញ៉ក់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៣ សង្កាត់១(ទំនប់រលក) ក្រុង/ខេត្តព្រះសីហនុ (សហចារី), ទី៣-ឈ្មោះ ចែម ចាន់ថន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម), ទី៤-ឈ្មោះ យ៉ា ចំរ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញលក់សម្ភារ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ (អ្នកទទួលផលនៃអំពើចោរកម្ម)។
វត្ថុតាងម៉ូតូដែលជាផលនៃអំពើចោរកម្ម ដកហូតបានសរុបចំនួន ០៦គ្រឿង៖
១.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខៈ រដ្ឋ66 1-7059 មានលេខតួ និងលេខម៉ាស៊ីនៈ 5256933 ។
២.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 5332043 ពាក់ស្លាកលេខក្លែងបន្លំ (ភ្នំពេញ 1BT-9255)
៣.ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ មានលេខតួ និងលេខម៉ាស៊ីនៈ 8168736 ពាក់ស្លាកលេខៈ ព្រះសីហនុ 1B-6169
៤.ម៉ាក NEX ពណ៌ក្រហម មានលេខតួ និងលេខម៉ាស៊ីនៈ 202335 ពាក់ស្លាកលេខៈ ភ្នំពេញ 2GM-2682
៥.ម៉ាក SIRIUS ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 349483 គ្មានស្លាកលេខ ។
៦.ម៉ាក SCOOPY ពណ៌ស មានលេខតួ និងលេខម៉ាស៊ីនៈ 8127110 គ្មានស្លាកលេខ ។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យដែលជាជនដៃដល់ បានឲ្យដឹងថា ក្រុមបក្ខពួករបស់វា បានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋបាន០៤ ទៅ០៥លើក នៅក្នុងភូមិសាស្រ្ត នៃក្រុងព្រះសីហនុ បន្ទាប់មកទើបយកទៅលក់ឲ្យអ្នកដែលចាំទទួលទិញផលនៃអំពើចោរកម្ម ដែលមានឈ្មោះខាងលើ លុះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ វានិងបក្ខពួកបានធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋទៀត ក៏ត្រូវកម្លាំងសមត្ថកិច្ចយើងចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី រួចរាល់ហើយ៕