ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃ៤នាក់ និងខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយបានលួចឆ្លងដែនដោយខុសច្បាប់ ចូលមកកម្ពុជា នៅវេលាម៉ោង១១ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិអាងសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ រស់ ពិសិទ្ធិ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៩១១ បានប្រាប់ថា៖ ជនជាតិថៃដែលត្រូវឃាត់ខ្លួនមាន ១.ឈ្មោះ Kittichai Ngiyueng ភេទប្រុស អាយុ២៨ឆ្នាំ ២.ឈ្មោះ Missvalaigon Chudkratok ភេទស្រី អាយុ២៧ឆ្នាំ ៣.ឈ្មោះ Chanveng Tadhom ភេទប្រុស អាយុ៣០ឆ្នាំ ៤.ឈ្មោះ Pataradet Chaibunyarat ភេទប្រុស អាយុ២៩ឆ្នាំ ៥.ឈ្មោះ ណុក ចន្ថា ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិខ្មែរអ្នករត់ម៉ូតូឌុប) រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនជាតិថៃ គឺកម្លាំងវរៈសេនាតូចនគរបាលព្រំដែនគោកលេខ ៩១១ បានចេញល្បាត តាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្គ្រភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានប្រទះឃើញជនជាតិថៃ ចំនួន៤នាក់ ស្រីម្នាក់ ដែលលួចឆ្លងដែនចូលមកកម្ពុជាតាមច្រករបៀង ហើយមានជនជាតិខ្មែរម្នាក់ និងម៉ូតូ១គ្រឿងជាអ្នករត់ម៉ូតូឌុបបានចាំទទួលត្រូវបានឃាត់បាន៥នាក់ជនជាតិថៃ៤នាក់ ត្រូវបានបញ្ជូនអោយក្រុមគ្រូពេទ្យ យកសំណាកធ្វើតេស្តរហ័ស (Rapitd Test) លទ្ធផអវិជ្ជមានកូវីដ-១៩ ហើយប្រគល់ជូនកម្លាំងផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ខុសច្បាប់៕ ដោយ៖ចិន្ត្រា