រាជធានីភ្នំពេញ់៖ ថៅកែក្លឹបម្នាក់ និងបុគ្គលិកជាជនជាតិចិនចំនួន ១០នាក់ ( ស្រី ២នាក់ ) ត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកស្អែក ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ និង ភ្ញៀវចំនួន៣៤នាក់ទៀត (ស្រី១៨នាក់ ) ត្រូវបានពិន័យក្នុងម្នាក់ចំនួន ៥លានរៀល ក្នុងប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តមួយកន្លែងក្នុងខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។នេះបើយោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ។
សូមបញ្ជាក់ថាសមត្ថកិច្ចបានបើកកិច្ចប្រតិបត្តិការណ៍បង្ក្រាបក្លឹបកំសាន្តមួយកន្លែងតាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វេីការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ( បញ្ជូនអ្នកពាក់ព័ន្ធចំនួន ១១នាក់ ទៅតុលាការ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥លានរៀល ចំនួន៣៤នាក់ ចំពោះអ្នកចូលកំសាន្តដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។
ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក ប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីយប់រំលងអធ្រាតថ្ងៃទី១៨ ឈានចូលថ្ងៃទី១៩ សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះបង្ក្រាបទីតាំងក្លឹបមួយនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ដោយមានជនជាតិចិនចំនួន ២៦នាក់ (ស្រី ៧នាក់ ) ជនជាតិវៀតណាមចំនួន ៧នាក់ស្រី ជនជាតិកូរ៉េចំនួន០១នាក់ប្រុស ជនជាតិម៉ាឡេស៊ីចំនួន០១នាក់ប្រុស និងជនជាតិខ្មែរចំនួន ១០នាក់ ( ស្រី ៥នាក់ ) ព្រមទាំងបានដកហូតវត្ថុតាងមួយចំនួន និងសារធាតុញៀនសរុបចំនួន ៣៧៩.៣២ ក្រាម និង ៨០ មីលីលីត្រ ។
បន្ទាប់ពីដំណើរការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយក្រុមគ្រូពេទ្យ ជាលទ្ធផលគឺអវិជ្ជមានទាំងអស់ ជំហ៊ានបន្ទាប់សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើតេស្តរកសារធាតុញៀនរួចមក ជាលទ្ធផលបានរកឃើញអ្នកដែលមានវិជ្ជមានសារធាតុញៀនចំនួន ៦នាក់ និងអ្នកពាក់ព័ន្ធ ចំនួន៥នាក់ទៀតពាក់ព័ន្ធនឹងការប្រេីប្រាស់ ចែកចាយ សារធាតុញៀន ហេីយសមត្ថកិច្ចកំពុងតែរៀបចំសំណុំរឿងបញ្ជូនជនទាំង១១នាក់នេះទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ចំណែកឯភ្ញៀវចំនួន ៣៤នាក់ ( ស្រី១៨នាក់) រួមមានជនជាតិចិន ១៥នាក់ ជនជាតិវៀតណាម ០៧នាក់ ជនជាតិខ្មែរ ១០នាក់ ជនជាតិកូរ៉េ ១នាក់ និងជនជាតិម៉ាឡេសុីម្នាក់ ដែលបានទៅលេងនៅក្លឹបកំសាន្តនោះ ដែលល្មើសទៅនឹងវិធានការសុខាភិបាល គឺត្រូវបានធ្វើការពិន័យជាទឹកប្រាក់ចំនួន ៥លានរៀលក្នុងម្នាក់ និងបានធ្វើកិច្ចសន្យាណែនាំអប់រំឲ្យត្រឡប់ទៅគេហដ្ឋានវិញ ៕