ទុកចិត្តមនុស្សខុស! ជនសង្ស័យម្នាក់លួចដែកអេតចាយទម្ងន់២៨តោន សរុបជាទឹកប្រាក់៥ម៉ឺនដុល្លារ របស់ថៅកែ រត់ពីខណ្ឌដង្កោទៅសម្ងំលាក់ខ្លួននៅស្រុកជើងព្រៃ បានតែប៉ុន្មានម៉ោងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន
សន្តិសុខសង្គម
260

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ សហការជាមួយនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ធ្វើស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តកំពង់ចាម បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាព លួចដែកអេតចាយទម្ងន់២៨តោន សរុបជាទឹកប្រាក់៥ម៉ឺនដុល្លារ កាលពីវេលាម៉ោង៩ និង៣០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ចំណុចឃ្លាំងអេតចាយផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយរត់ទៅសម្ងំលាក់ខ្លួននៅទីនោះ បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

របាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោ ដែលក្រុមការងារTVFB ទទួលបានបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅឃ្លាំងអេតចាយខាងលើ និងមានស្រុកកំណើតភូមិត្រពាំងឬស្សី សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡេង លឹមអ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះសម្ភារៈបាត់បង់៖ ដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ។

របាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោ បានបញ្ជាក់បន្ថែមទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៧យប់ ជនរងគ្រោះ បានឲ្យជនសង្ស័យ បើករថយន្តម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-6955 ផលិតឆ្នាំ២០០៦ សណ្តោងរម៉ក ពាក់ស្លាកលេខ ភ្នំពេញ4A-7550 ដឹកដែកអេតចាយចំនួន២៨តោន សរុបជាទឹកប្រាក់ចំនួន ៥០,០០០ ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ចេញពីឃ្លាំងអេតចាយ ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ទៅខេត្តប៉ៃលិន ។ លុះដល់ម៉ោង៧ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះបានទូរស័ព្ទទៅសួរជនសង្ស័យ ក៏ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន ទើបឆែកមើលGPS ដែលបំពាក់ជាប់នៅរថយន្តខាងលើ បង្ហាញទីតាំងផ្លូវជាតិលេខ៥ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ០១ម៉ោងក្រោយមក ជនរងគ្រោះបានឆែកមើល GPS ម្តងទៀត ឃើញនៅកន្លែងដដែល ។

របាយការណ៍ដដែលបន្តថា លុះដល់វេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល ទើបជនសង្ស័យបានទូរស័ព្ទប្រាប់ទៅឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា ភេទប្រុស អាយុ២៨ឆ្នាំ ថា មានគេដាក់ថ្នាំយកអីវ៉ាន់អស់ហើយ រួចឈ្មោះ ចាន់ ប៊ុនណា ហៅ ឌីណា បានប្រាប់ជនរងគ្រោះឲ្យបានដឹង ទើបជនរងគ្រោះដឹងថា GPS ដែលដាក់ជាប់នឹងរថយន្តត្រូវបានជនសង្ស័យផ្តាច់ចោល ក៏ទូរស័ព្ទសួរបញ្ជាក់ទីតាំងជនសង្ស័យឲ្យបានច្បាស់ ទើបគេប្រាប់ថា កំពុងនៅលើផ្លូវជាតិលេខ៦អា ស្ថិតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ភ្លាមៗជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ហើយរាយការណ៍មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីជួយអន្តរាគមន៍ ទើបសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានទៅសហការជាមួយសមត្ថកិច្ចនគរបាលស្រុកជើងព្រៃ នាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ដោយមានជនរងគ្រោះ ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ផងដែរ៕ អែល េមេសា


Telegram