ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមេខ្យល់ដែលធ្វើសកម្មភាពនាំពលករឆ្លងដែនដោយខុសច្បាប់ចំនួន១៧នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
លោកវរៈសេនីយ៍ឯក សេស វិបុល អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ជនសង្ស័យ២នាក់រួមមាន៖
១.ឈ្មោះ ពៅ បូរី ភេទប្រុស អាយុ៤១ឆ្នាំ( មេខ្យល់) រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
២.ឈ្មោះ ម៉ៅ ដែល ភេទប្រុស អាយុ២៦ឆ្នាំ (មេខ្យល់) រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ គឺកម្លាំងនគរបាលស្រុកអូរជ្រៅ សហការជាមួយ កម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោក លេខ៩១១ បានស្រាវជ្រាវ មុខសញ្ញាមេខ្យល់ដែលធ្វើសកម្មភាពនាំពលករចំនួន១៧នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានឃាត់ខ្លួនបាន២នាក់ជាមេខ្យល់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នៅ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក សេស វិបុល បានបញ្ជាក់ថា៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ២នាក់ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីសាកសួរតាមចម្លើយសារភាពត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕ ដោយ៖ចិន្ត្រា