ឃាត់ខ្លួនប្រុស.ស្រី៣នាក់ ម្នាក់ជាជនជាតិប៉ាគីស្ថាន បម្រុងឆ្លងដែនទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក
សន្តិសុខសង្គម
178

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានធ្វើការចាប់ឃាត់ខ្លួន ប្រុស.ស្រី៣នាក់ ម្នាក់ជាជនជាតិប៉ាគីស្ថាន ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក នៅវេលាម៉ោង១និង១០នាទី កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងឃុំ-ស្រុកស្វាយចេក។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ថា ៖មនុស្សទាំង៣នាក់ ត្រូវបានចាប់ឃាត់ខ្លួននេះ រួមមាន៖

១.ឈ្មោះ ថា ប៊ុនហ្គិច ភេទស្រី អាយុ២០ឆ្នាំ

២.ឈ្មោះ ថា ប៊ុនសៀងទៀង ភេទស្រី អាយុ១៨ឆ្នាំ (ទាំង២នាក់ រស់នៅភូមិចំព្រេចគយ ឃុំព្រេចគយ ស្រុកស្អាង ខេត្តកណ្តាល)

៣.ឈ្មោះ មាហា ម៉ាត់អៃយ៉ាស់ ភេទប្រុស អាយុ៤៥ឆ្នាំ(ជនជាតិប៉ាគីស្ថាន)។

លោកបានបញ្ជាក់ថា៖ នៅពេលដែលឃាត់ខ្លួនប្រុស.ស្រី៣នាក់ គឺកម្លាំងចម្រុះឈជើងគោលដៅ តេជោភ្នំឆ័ត្រ បានឃាត់ខ្លួនប្រុស.ស្រី៣នាក់ មានម្នាក់ជាបុរសជនជាតិប៉ាគីស្ថាន ដែលត្រូវរថយន្តមិនស្គាល់ម៉ាក ដឹកមកទម្លាក់ចោលក្បែរព្រំដែន ដែលសង្ស័យបម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់ ក្រោយពេលឃាត់ខ្លួនបានសាកសួរហើយ បញ្ជូនទៅមណ្ឌលសំចតច្រកអូរបីជាន់ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក ជា ឈ្លូញ បានបញ្ជាក់ថាទៀតដែរថា ការបង្ក្រាបនិងឃាត់ខ្លួននេះ គឺអនុវត្តតាមការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងវិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យកម្លាំងនគរបាលស្រុកស្វាយចេកសហការជាមួយកម្លាំងឈជើងតាមគោលដៅ ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកដោយខុសច្បាប់ដែលគេចវេសនិងបង្ការទប់ស្កាត់កូវី១៩៕ ដោយ៖ចិន្ត្រា 


Telegram