រាជធានីភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូប្រជាពលរដ្ឋ ជិះរត់ផ្អើលសមត្ថកិច្ចដេញចាប់មួយចំហៀងខណ្ឌដង្កោ យ៉ាងប្រផាប់ប្រភីង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
របាយការណ៍របស់សមត្ថកិច្ចខណ្ឌដង្កោ ដែលក្រុមការងារTVFB ទទួលបាន បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យរួមមានទី០១ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី០២ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖
១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1O-4117 មានលេខតួ និងលេខម៉ាស៊ីន5440214, ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IE-4580 មានលេខតួ និងលេខម៉ាស៊ីន 5843838 , ៣/វិទ្យុទាក់ទង (អាយឌី) ចំនួន០១គ្រឿង
៤/ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០៥
៥/កូនពូថៅចំនួន០១
៦/ដែកដាប់ចំនួន០១
៧/កូនសោរចាក់ផ្ទះមួយចង្កោម
៨/កាតគ្រីម៉ូតូលេខ ភ្នំពេញ 1HL-3714 ចំនួន០១សន្លឹក
៩/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ខុន សុខម្នី ចំនួន០១សន្លឹក
១០/ មួកសន្តិសុខសាលាខណ្ឌមានជ័យចំនួន០១, ១១/ដែកឆ្កឹះសោរចំនួន០២ ។
តាមការបញ្ជាក់ពីជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះ បានបើកម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1O-4117 ម្នាក់ឯង ចេញពីផ្ទះស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពង្រោះស្រូវ នៅវាលស្រែ ស្ថិតនៅភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះបន្តថា ពេលទៅដល់ក៏បានដាក់ម៉ូតូនៅក្រោមដើមព្រីង ដោយចាក់សោកត្រឹមត្រូវ រួចចុះទៅពង្រោះស្រូវនៅក្នុងវាលស្រែ រហូតដល់វេលាម៉ោង១១ និង១៥នាទី ថ្ងៃខែខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IE-4580 ឌុបគ្នាមកឈប់ក្បែរម៉ូតូជនរងគ្រោះ ហើយធ្វើសកម្មភាពកាច់សោកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនទៅតាមវាលស្រែ ពីលិចមកកើត រួចជនងរគ្រោះក៏បានស្រែកថាចោរៗ។ ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដែលកំពុងជិះម៉ូតូល្បាតក្បែរនោះបានឃើញ ក៏ជិះម៉ូតូដេញតាមពីក្រោយចាប់ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ បានរួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ តែម្តង។
ពាក់ព័ន្ធករណីនេះ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ទាំង០២នាក់ខាងលើ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ។ អែល មេសា