(ខេត្តព្រះសីហនុ)៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ធ្វើឲ្យតំបន់មួយចំនួនទទួលរងនូវការជន់លិចដោយសារ ប្រព័ន្ធអូរ ប្រឡាយ មួយចំនួនកកស្ទះដោយសារ សំរាម បង្កមានការលិច ផ្លូវនិងលំនៅស្ថានមួយចំនួនក្នុង ភូមិសាស្រ្តសង្កាត់លេខ ៤ ក្រុងព្រះសីហនុនាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១។
បើតាមមន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នាពេលបច្ចុប្បន្នក្នុងភូមិសាស្ត្រដែលប្រឈមនឹងការជន់លិចនាពេលកន្លងមក ដល់ពេលនេះកាត់បន្ថយបានច្រើន ដោយ មានការយកចិត្តទុកដាក់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងការស្ដារពង្រីកប្រព័ន្ធអូរប្រឡាយស្ពានបានធំទូលាយធ្វើឲ្យ ចរន្តទឹកហូរបានលឿន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅតំបន់ប្រឈមទាំងនោះ នៅពេលមានភ្លៀងធ្លាក់ គឺ តែងតែមានការជន់លិចរយៈពេលវែង ហើយបច្ចុប្បន្នគឺ ល្បឿននៃចរន្តទឹកហូរបានលឿនក្រោយ ភ្លៀងរាំងទឹកបានស្រកទៅវិញ ក៏ប៉ុន្តែនៅតំបន់មួយចំនួនតូចក៏ទទួលរងការជន់លិចដោយសារប្រព័ន្ធអូរប្រឡាយ មិនទាន់បាន ស្ដាយរួចរាល់ និង ប្រព័ន្ធលូខ្លះ មិនទាន់តុល្យភាព ជាមួយនឹងចរន្តទឹកហូរ នៅពេលមានភ្លៀង មានសំរាម កាកសំណល់ផ្សេងៗ ស្ទះប្រព័ន្ធលូ ក៏បង្កទៅជាការជន់លិចផ្លូវនិងលំនៅស្ថានមួយចំនួន។
ជុំវិញកាកសំណល់សំរាមដែលអណ្ដែតមក តំបន់ទំនាប ស្ទះប្រព័ន្ធអូរលូប្រឡាយ មួយចំនួនតូចគឺ បង្កឡើងដោយ បងប្អូនប្រជាពលរដ្ឋបាន បោះចោល ឥតសណ្ដាប់ធ្នាប់ចូលអូរប្រឡាយនិងមួយចំនួនទៀតគឺដោយសារក្រុមហ៊ុនប្រមូលសំរាមមានការប្រមូល យឺតយ៉ាវ ទុករយៈពេលជាច្រើនថ្ងៃទើបមកប្រមូលម្ដងនៅពេលមានភ្លៀង ធ្លាក់ខ្លាំង ក៏កាកសំណល់សំរាមដែលវេចខ្ចប់អណ្ដែតចូលទៅក្នុងប្រព័ន្ធអូរប្រឡាយនោះតែម្ដង។ ប្រជាពលរដ្ឋ ក៏បានសំណូមពរទៅដល់ អាជ្ញាធរ មេត្តា ជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាម មានការប្រមូលឲ្យបានមួយសប្តាហ៍បានមួយដងទៅពីរដងផងដើម្បីធ្វើយ៉ាងណាកុំឲ្យកាកសំណល់នៅតាមលំនៅស្ថានរបស់បងប្អូនប្រជាពលរដ្ឋមានការស្អុយរលួយ ប៉ះពាល់ សុខភាព បរិស្ថាន និង អណ្ដែតចូលក្នុងប្រព័ន្ធអូរលូប្រឡាយនៅពេលមានភ្លៀងធ្លាក់ខ្លាំង៕