រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយប្រជាពលរដ្ឋក្រោកពីដំណេក បើកទ្វារផ្ទះមកឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម សង្ស័យត្រូវបានគេសម្លាប់ ក្រោយលឺសំឡេងឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា តែពួកគាត់មិនហ៊ានចេញ លុះព្រឹកឡើងឃើញឃើញសពជនរងគ្រោះស្លាប់តែម្តង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ភ្លាមៗ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ យកមកសាកសួរភ្លាមៗ នោះដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្ម វាយសម្លាប់នេះ បានកើតឡើងនៅម៉ោងប្រមាណ១ និង៣០នាទីយប់ ឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣១២ ផ្លូវ៣៣BT ភូមិសន្សំកុលសទី៣ ក្រុម១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ក្រុមការងារ TVFB ឲ្យដឹងថា សាកសពជនរងគ្រោះដែលត្រូវបានជនដៃដល់ វាយសម្លាប់ បែកក្បាល និងបាក់ជើង មានឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ចំណែកជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ទី១ឈ្មោះ កែវ យិនភី ហៅតួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងទី២មានឈ្មោះ រ៉េត បញ្ញា ហៅម៉ក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មកមើលម៉ូតូជីវករ ផ្សារបឹងទំពុន១ (ពោលគឺផ្សារដើមថ្កូវ)។
ក្នុងនោះ បើតាមចម្លើយបឋម ដែលសមត្ថកិច្ចសួរទៅលើជនសង្ស័យជាជនដៃដល់ ដែលត្រូវបានចាប់ខ្លួន ពួកគេបានឆ្លើយថា បានវាយសម្លាប់ជនរងគ្រោះ ដោយសារតែរឿងគំនុំ ព្រោះជនរងគ្រោះវាយមកលើពួកគេ ទើបយកដងឆ័ត្រ វាយជនរងគ្រោះបែកក្បាល បាក់ជើងស្លាប់តែម្តង ។
ទោះបីជាយ៉ាងណា យើងនៅរង់ចាំរបាយការណ៍លម្អិត ពីសមត្ថកិច្ចបន្តទៀត ៕