ពាក់ព័ន្ធនឹងរឿងរបស់អ្នកនាង Denny Kwan ដែលកំពុងផ្ទុះនៅលើបណ្តាញសង្គម ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់មកកាន់TVFB ថា ភាគីខាងសណ្ឋាគារដែលបង្កប់កាមេរ៉ាថតសកម្មភាពភ្ញៀវកំពុងអនុវត្តទោសនៅពន្ធនាគារ
សន្តិសុខសង្គម
879

ខេត្តព្រះសីហនុ៖ពាក់ព័ន្ធនឹងកញ្ញាដេននី ក្វាន់ នៅថ្ងៃទី ២៥ ខែឧសភានេះ បានទម្លាយនូវរឿង ម្ចាស់សណ្ឋាគារមួយនៅកំពង់សោមឈ្មោះ Gold Sea Hotel លួចបង្កប់Camera ក្នុងបន្ទប់គេងរបស់នាង និងបន្ទប់ផ្សេងៗទៀតអំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែតុលា ឆ្នាំ២០២០។កញ្ញា ដេននី ក្វាន់ បានបញ្ជាក់ថា នាងទ្រាំ មិនឡាយ៍ ជាសាធារណៈទេ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផល នាងទទួលបាន សំណងជាលុយ ត្រឹម១ម៉ឺនដុល្លារ ប៉ុណ្ណោះ។

ជុំវិញករណីខាងលើឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់TVFB នៅល្ងាចថ្ងៃទី២៥ ឧសភានេះថា រឿងនេះកើតឡើងយូហើយ ។

ក្រោយការស្រាវជ្រាវទើបដឹងថា ម្ចាស់ទីតាំងកំពុងភៀសខ្លួន ក៏សហការជាមួយ នាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការពន្លាតដែនដីពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទៅឯកឧត្តម ព្រះរាជអាជ្ញារាជធានីភ្នំពេញ ប្រហែល៤៨ម៉ោងទើបឃាត់បាន ម្ចាស់សណ្ឋាគារ ឈ្មោះលោកស្រី ជា ណារី និងបន្តនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុរួចរាល់។ ក្នុងនោះ គឺមានការឃាត់មនុស្ស៤នាក់ ប៉ុន្តែមាន២នាក់ ត្រូវបានឃុំខ្លួនអនុវត្តន៍តាមច្បាប់ គឺលើ លោកស្រី ជា ណារី និងមេការគ្រប់គ្រងផ្ទះសំណាក់ម្នាក់ទៀត ដែលដឹងពីការលាក់បង្កប់កាមេរ៉ា តែមិនរាយការណ៍ជូនសមត្ថកិច្ច។

ឯកឧត្តមជួន ណារិន្ទ ក៏បានបន្តថា មិនមែនមានតែ១ទីតាំងនោះទេ ដែលដាក់បង្កប់ កាមេរ៉ាគ្រប់បន្ទប់ ពោលគឺមានមួយកន្លែងទៀត មានបង្កប់កាមេរ៉ាគ្រប់បន្ទប់ដូចគ្នា ក្នុងខេត្តព្រះសីហនុ (ពោលគឺ សណ្ឋាគារ សមុទ្រមាស១ និងសមុទ្រមាស២) ។

គួរំលឹកថា៖ករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈដែលជនដែលពាក់ព័ន្ធនឹងការបង្កប់កាមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះ ក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ៕ដោយៈលីណា


Telegram