រាជធានីភ្នំពេញ ៖ រឿងស្មានមិនដល់ ខណៈបុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភទៅលើក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលនៅបន្ទប់ក្បែរគ្នា បានសម្រេចជាច្រើនដង និងគំរាមមិនឲ្យនិយាយ រហូតនាងមានផ្ទៃពោះ ទើបបែកការដឹងដល់ម្តាយ ប្តឹងសមត្ថកិច្ចតែម្តង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ពេលម្តាយក្មេងស្រីមិននៅផ្ទះ ទុកឲ្យក្មេងស្រីរងគ្រោះនៅម្នាក់ឯង ជនសង្ស័យឈ្មោះ មៀច សីមេសា ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ បានហៅក្មេងស្រីរងគ្រោះមកអង្គុយលេងក្នុងបន្ទប់ខ្លួន រួចក៏បិទទ្វារចាក់គន្លឹះ គំរាមមិនឲ្យស្រែកហើយចាប់រំលោភរហូតបានសម្រេច ។ ថ្ងៃទី២៩ ខែដដែល ក៏ចាប់រំលោភម្តងទៀត ។ លុះថ្ងៃទី៥ ខែវិច្ឆិកា ជនសង្ស័យ ក៏ហៅជនរងគ្រោះ មករំលោភម្តងទៀត ដោយមិនឲ្យប្រាប់អ្នកណា បើហ៊ានប្រាប់គេនឹងសម្លាប់ចោល លុះជនរងគ្រោះទៅនៅជាមួយយាយនៅស្រុកកំណើត នៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ ស្រាប់តែយាយជនរងគ្រោះ តេប្រាប់ម្តាយនាងថា នាងមានផ្ទៃពោះហើយ សួរនាំដឹងរឿង ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ដើម្បីដោះស្រាយនិងចាត់ការតាមច្បាប់៕