ខេត្តបន្ទាយមានជ័យ៖យោងតាមផេកនាយកដ្ធាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១និង០៥ នាទី ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានករណីឆេះផ្ទះមួយខ្នង (៥មx៦ម) ដែលបង្ករដោយឈ្មោះ ទី ចាន់រួន ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកកាំបិតខ្វែវប្រហែលមួយម៉ែត្រយកទៅវ៉ៃកំទេចពាងទឹកអស់ចំនួន ១១ នឹងបានទៅដុតផ្ទះឆេះអស់អស់តែម្តងដោយមូលហេតុបណ្តាលមកពីខឹងម្តាយមិននៅផ្ទះ។
សមត្ថកិច្ចថាចំនួនមួយខ្នងដែលមានទំហំ ៥ ម៉ែត្រគុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូល
ស័ង្កសី របស់ជនរងគ្រោះឈ្មោះ ធ ធួត ភេទ ស្រី អាយុ ៦០ ឆ្នាំ រស់នៅភូមិពងអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ដែលត្រូវជាម្ដាយបង្កើតរបស់ជនបង្ក) ។
បណ្ដាលឱ្យឆេះរាបដល់ដី និងឆេះអស់សម្ភារៈមួយចំនួនរួមមានៈ
- សូឡាចំនួន ០១ ផ្ទាំង
- ទូរទស្សន៍ចំនួន ០១
- អាគុយ (៤០ អំពែ) ចំនួន ០១
- ម៉ូតូចំនួន ០២ គ្រឿង
- ស្រូវចំនួន ០២ បាវ
- អង្ករចំនួន ០១ ការុង
- ទូរស័ព្ទចំនួន ០១
- លុយចំនួន ២០០០ បាត និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនផ្សេងទៀត៕