រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយប្រជាពលរដ្ឋក្រោកពីដំណេក បើកទ្វារផ្ទះមកឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ត្រូវបានគេសម្លាប់ ក្រោយលឺសំឡេងឈ្លោះប្រកែកគ្នាឈានដល់ការប្រើហិង្សា តែពួកគាត់មិនហ៊ានចេញ លុះព្រឹកឡើងឃើញសពជនរងគ្រោះស្លាប់តែម្តង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចជំនាញ ភ្លាមៗកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិងនគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ បានបើកការស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២ នាក់ យកមកសាកសួរភ្លាមៗ នោះដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៣១២ ផ្លូវលំ ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ កែវ យិនភី ហៅតួ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣៧ ផ្លូវ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុញៀន) និងជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៧ ផ្លូវលំ ក្រុម៤ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរកម្មករមើលម៉ូតូនៅផ្សារបឹងទំពន់ មានផ្ទុកសារធាតុញៀន ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ 1IQ-1808 ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១និង៣០ នាទីរំលងអាធ្រាត្រ ជនសង្ស័យទាំង២នាក់ បានផឹកស្រាបៀរអស់ម្នាក់ចំនួន ០២ កំប៉ុង នៅមុខផ្សារបឹងទំពន់ ពេលផឹករួចក៏បើកម៉ូតូកង់បីឥណ្ឌាចំនួន ០១ គ្រឿង ពណ៌ ស ពាក់ស្លាកលេខ 1IQ-1808 ឡើងទៅលើផ្លូវ ២៧១ ក៏បានប្រទះឃើញជនរងគ្រោះ កំពុងជិះម៉ូតូកង់បីខ្មែរ (ធ្លាប់មានទំនាស់គ្នាប្រហែលកន្លះខែមុនជាមួយជនសង្ស័យឈ្មោះ កែវ យិនភី) ហើយជនរងគ្រោះ បានចុះពីលើម៉ូតូកង់បីខ្មែរមកប្រតាយប្រតប់គ្នាទៅវិញទៅមកជាមួយ ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ ខណៈនោះជនរងគ្រោះបានរត់ទៅយកបន្ទះឈើទទឹងប្រវែង ០២តឹក បណ្ដោយប្រវែង ១ម៉ែត្រ មកវាយជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ ឲ្យរបួសដៃខាងឆ្វេង បន្ទាប់មកជនសង្ស័យឈ្មោះ រ៉េត បញ្ញា ហៅ ម៉ុក បានចូលទៅជួយបក្ខពួកខ្លួន ស្រាប់តែជនរងគ្រោះបានរត់ចេញហើយទៅវាយកញ្ចក់មុខម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឈ្មោះ កែវ យិនភី ហៅ តួ បណ្តាលឲ្យបែកខ្ទេច ហើយក៏បានរត់គេចខ្លួន ។
ប្រភពដដែល បន្តថា ពេលនោះជនសង្ស័យ ០២ នាក់ បានបើកម៉ូតូកង់បីឥណ្ឌាដេញតាមពីក្រោយមកដល់នៅចំណុចមុខផ្ទះលេខ ៣១២ ផ្លូវ លំ ក្រុម ២ ភូមិ សន្សំកុសល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ក៏បំបុកជនរងគ្រោះ បណ្ដាលឲ្យដួលដាច់ផ្ងារ និងបានយកដុំថ្មទម្រជើងឆ័ត្រវាយបន្ថែមទៀតបណ្តាលឲ្យស្លាប់) ហើយបានបើកម៉ូតូកង់បីឥណ្ឌានោះរត់គេចខ្លួនបាត់តែម្ដង ។
ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង ០៩ព្រឹកថ្ងៃទីខែឆ្នាំដដែល កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង ០២ នាក់ យកមកទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ធ្វើការសាកសួរតែម្តង ដកហូត ម៉ូតូកង់បីឥណ្ឌាចំនួន ០១ គ្រឿង ពណ៌ស និងដុំថ្មទ្រជើងឆ័ត្រចំនួន ០១ ដុំ ។
ក្នុងពេលនោះឈ្មោះ វ៉ាត ចាន់កេសី ភេទ ស្រី អាយុ ៣៩ ឆ្នាំ (ត្រូវជាមីងរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។ ចំណែកឯសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕