រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី២ ធ្វើការឃាត់ខ្លួន ខណៈដែលធ្វើសកម្មភាពគាស់តូបលក់កាហ្វេ យកម៉ាស៊ីនឆុងការហ្វេរមួយឈុត និងទ្រព្យសម្បត្តិមួយចំនួនទៀត របស់ម្ចាស់គេ ហើយព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង ៥ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្លូវ៤៧០កែង១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនបាន មានឈ្មោះ ឈ្មោះ នី ទីន ហៅ ខ្មៅ ភេទប្រុស មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាពគាស់តូបកាហ្វេ របស់ជនរងគ្រោះឈ្មោះ សែង សុងគីមស៊័ង ភេទប្រុស យកម៉ាស៊ីនឆុងការហ្វេរមួយឈុត, ប្រដាប់បំពងសំឡេង (ស្ពីកឃើ) ចំនួន០១ និង លុយចំនួនប្រាំម៉ឺនរៀល ហើយរត់គេចខ្លួន ទាល់តែព្រឹកឡើងជនរងគ្រោះមកបើកតូប ទើបឃើញថាហាងរបស់ខ្លួនត្រូវចោរគាស់ ក៏ប្តឹងសមត្ថកិច្ចឲ្យស្រាវជ្រាវឃាត់ខ្លួនបានតែម្តង ដកហូត រម៉កអេតចាយ០១គ្រឿង, ម៉ាស៊ីនឆុងការហ្វេរមួយឈុត(ម៉ាក SM)។
បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕