ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចកាំភ្លើងកែច្នៃជាង១៤០ ដើម ដែលបានដកហូតពីប្រជាពលរដ្ឋ និងអ្នកប្រព្រឹត្តបទល្មើសកន្លងមក ក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះនិងអគ្គីភ័យ។
លោកឧត្តសេនីយ៍ស្នងការរងបានឲ្យដឹងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាកាំភ្លើងបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុបជាង១៤០ដើម។
កាំភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង០៩ស្រុក/ក្រុងក្នុងខេត្តកន្លងមក ដែលប្រព្រឹត្តបទល្មើសនិងអ្នករក្សាទុកដើម្បីបាញ់សត្វផ្សេងៗ តាំងពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ននេះ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា ការដុតកម្ទេចកាំភ្លើងកែច្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ អំពើហឹង្សា និងការប្រើប្រាស់ល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋាន ។
នៅក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការកែច្នៃ ផលិតឬរក្សាទុកកាំភ្លើងកែឆ្នៃឬគ្រាប់យុទ្ធភ័ណ្ឌផ្សេងៗ ត្រូវសហការណ៍និងប្រគល់ជូនសមត្ថកិច្ច ក្នុងករណីរកឃើញថាមានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕