តាមចាប់មេខ្លោងជួញដូរគ្រឿង ២ថ្ងៃជាប់គ្នា ឈានដល់ការចុះបង្ក្រាបទ្រង់ទ្រាយធំនៅខណ្ឌចំការមន ចាប់ខ្លួនជនជាតិចិនម្នាក់ ដកហូតបានគ្រឿងញៀនគ្រប់ប្រភេទ និងសារធាតុសង្ស័យផ្សេង សរុបប្រហែលជា ង ១៦គីឡូក្រាម
សន្តិសុខសង្គម
278

រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការណ៍រយ:ពេល ២ថ្ងៃ ( ពោលនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែសីហា ២០២១ ) បង្ក្រាបគ្រឿងញៀន ទ្រង់ទ្រាយធំ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួនទៀតប្រហែលជា ៦គីឡូក្រាម ថែមទៀត ។

ក្នុងរង្វង់ប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបជាក់ស្តែងករណី ផលិតកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង0៤:០០នាទីទៀបភ្លឺ ដោយបានឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម។

ពេលឃើញជនសង្ស័យ សមត្ថកិច្ចការសង្ស័យ ក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញម្សៅម៉ត់ពណ៌សចំនួន០៥កញ្ចប់ថង់ នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ ទើបធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

បន្ទាប់មក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការ ជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅធ្វើការបំភ្លឺអ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង)មានឈ្មោះ HUANG XULONG ហ្វ័ង ស៊ីឡុង និងទទួលបានព័ត៌មានមួយចំនួន។

លុះវេលាម៉ោង ១៥ និង៣០នាទី ដោយមានការចូលរួមផ្ទាល់ពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖ គ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា ១០គីឡូក្រាម និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា ៦គីឡូក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិន និងវត្ថុតាងជាគ្រឿងញៀន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕


Telegram