ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងរវាង រថយន្តស៊េរីទំនើបឡិចស៊ីស NX 200t បុកជាមួយរថយន្ដដឹកការ៉េម បណ្ដាលឲ្យក្រឡាប់ផ្ទុះឆេះ មានអ្នករបួស ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយយកចេញមកខាងក្រៅរថយន្ត កាលពីវេលាម៉ោង០៩យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បើតាមប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋបានអោយដឹងថា គេបានឃើញរថយន្ត LEXUS NX200t ដែលពាក់ស្លាកលេខភ្នំពេញ 2BQ -8772 បើកបរយ៉ាងលឿន ចំណែករថយន្ដកូរ៉េដឹកការ៉េម ពាក់ស្លាកលេខ ភ្នំពេញ2D-7735 ដែលបើកបត់ត្រឡប់ក្រោយ ក៏បុកគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តLEXUS NX200t ខ្ទាតវិលជាច្រើនជុំ បុកបាក់បង្គោលភ្លេីង១ដេីម និងបោកផ្ទប់បង្គោលភ្លេីង សំណាងល្អ ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះយកចេញពីរថយន្តទាន់ពេល ទេីបម្ចាស់រថយន្ត NX200t នៅរស់រានមានជីវិត ហេីយរថយន្តក៏ផ្ទុះឆេះតែម្ដង។ ចំណែក២នាក់ប្ដីប្រពន្ធ ភាគីខាងរថយន្តលក់ការ៉េម រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់បានទំនាក់ទំនងហៅរថយន្ដបង្ការនិងពន្លត់អគ្គីភ័យ បានធ្វើការបាញ់ទឹកពន្លត់ភ្លាមៗ និងមានសមត្ថកិច្ចជំនាញចរាចរណ៍របស់អធិការដ្ឋានក្រុងតាខ្មៅ បានធ្វើស្ទូចរថយន្ដទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕