រាជធានីភ្នំពេញ ៖ គណៈបញ្ជការឯកភាពរាជធានីភ្នំពេញ សហការជាមួយមូលដ្ឋានសណ្តាប់ធ្នាប់ខណ្ឌទួលគោក បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយធ្វើការផាកពិន័យទៅលើអ្នកបើកបរយានយន្ត ដែលចតល្មើសនិងលើចិញ្ចើមផ្លូវសាធារណៈ រួមទាំងការលក់ដូររបស់អាជីវករ ដែលលើចំណីចិញ្ចើមផ្លូវផងដែរ ដែលការចុះអនុវត្តនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ។
មន្ត្រីនគរបាលចរាចរណ៍ ដែលចូលរួមក្នុងប្រតិបត្តិការណ៍ខាងលើ បានឲ្យដឹងថា មុននឹងឈានដល់ការចុះអនុវត្តន៍នេះ កន្លងមក គឺលោក មាន ចាន់យ៉ាដា អភិបាលរងសាលារាជធានីភ្នំពេញ ធ្លាប់បានដឹកនាំកម្លាំងចុះមកណែនាំផ្ទាល់ម្តងរួចមកហើយ ដោយកាលនោះ គឺបានអនុវត្តន៍រំដោះចិញ្ចើមផ្លូវបានស្អាតល្អប្រសើរ លុះមួយរយៈក្រោយមកនេះ ពួកគាត់ក៏បានចេញមកលក់ដូររំលោភលើចិញ្ចើមផ្លូវវិញ ដោយយកលេសកូវីដ ដោយមិនបានគិតពីផលប៉ះពាល់ រំលោភលើចំណីផ្លូវសាធារណៈ ធ្វើឲ្យផ្លូវតូចចង្អៀត មានភក់ជ្រាំ ធ្វើឲ្យបាត់បង់សោភ័ណភាពទីក្រុងនោះឡើយ ។
សមត្ថកិច្ចលោកបានបន្តទៀតថា មិនតែប៉ុណ្ណោះ នៅមុនថ្ងៃសមត្ថកិច្ចប្រើធម៌ក្តៅនេះមួយថ្ងៃ លោកអភិបាល អភិបាលរង និងស្នងការរង រួមទាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះមកណែនាំពួកគាត់ម្តងរួចមកហើយ ឲ្យពួកគាត់អនុវត្តន៍ កុំលក់ដូរ ឬចតលើចិញ្ចើម មិនដូច្នេះទេសមត្ថកិច្ចក៏អនុវត្តន៍តាមច្បាប់ ហើយពេលនោះ តែគ្រាន់តែអប់រំ និងលើកលែងជូនពួកគាត់ ។ ប៉ុន្តែនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ពួកគាត់មួយចំនួន នៅតែមិនស្តាប់តាមការណែនាំ ដោយបន្តសកម្មភាពដដែលៗ ទាំងការចតរថយន្តលើចិញ្ចើមផ្លូវសាធារណៈ និងលក់ដូររំលោភលើចិញ្ចើមផ្លូវជាដើម ទើបសមត្ថកិច្ច ប្រើធម៌ក្តៅ ចុះមកអនុវត្តតាមច្បាប់ ដោយធ្វើការផាកពិន័យជាក់ស្តែងនៅត្រង់នេះតែម្តង ចំពោះរថយន្តដែលចតលើចិញ្ចើមផ្លូវ ។ ចំណែកអ្នកលក់ដូរ ដែលល្មើសការណែនាំ ក៏ត្រូវចាប់ដកហូតសម្ភារៈដូចគ្នា ពោលគឺចាប់ពីផ្លូវម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រហូតដល់ផ្សារដើមគរ គ្មានការលើកលែងទៀតឡើយ ៕