ខេត្តព្រះសីហនុ ៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ដោយសារក្រុមគ្រួសារ បានអះអាងថា បាត់សមាជិករបស់ខ្លួនតាំងពីម៉ោង៤ល្ងាចមកម្ល៉េះ ត្រង់ចំណុចការស៊ីណូទុកចោលឈ្មោះ ហ្កាន់ ដាវ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្ត្រីឈ្មោះ ជួប បុប្ផា ដែលត្រូវជាម្តាយបានអោយដឹងថា កូនប្រុសរបស់គាត់ដែលបានបាត់ខ្លូននេះមានឈ្មោះ ភឿង វេហា អាយុ១៤ឆ្នាំ ជាកូមប្រុសទីមួយក្នុងចំណោមកូន៥នាក់ បានមករើសអេតចាយនៅម្តុំឆ្នេរអូឈើទាលនេះជារៀងរាល់ថ្ងៃ ដោយបានកម្រៃចន្លោះពី៥០០០រៀល ទៅ២០០០០រៀល ហើយនៅថ្ងៃកើតហេតុ កូនប្រុសរបស់គាតបានមករើសអេតចាយជាមួយក្មេង៥នាក់ ប៉ុន្តែបាត់តែកូនប្រុសរបស់គាត់ត្រឡប់ទៅផ្ទះដូចរាល់ថ្ងៃ នៅពេលសួនាំក្មេងៗទើបដឹងថា កូនប្រុសរបស់គាត់ខ្លួន ខណៈពេល កំពុងចូលរើសអេតចាយ(ដែកចាស់ៗ)ក្នុងកាស៊ីណូទុកចោល ហើយត្រូវបានអ្នកមើលថែរកាស៊ីណូមកទាន់ ហើយបានរត់ចែកជើងគ្នាទៅ បាត់តែកុមារ៉ា ភឿង វេហា នេះ។
ប្រភពដដែលបានបន្តថា រូបគាត់មិនសង្ឃឹមកូនគាត់រស់នោះទេ ព្រោះបើនៅរស់គឺត្រឡប់ទៅផ្ទះជាក់ជាមិនខាន ព្រោះតាំងពីម៉ោងជាង៤ល្ងាចមកម្ល៉េះ។
ដោយឡែក បើយោងតាមប្រភពពីស្ត្រី ម្នាក់ដែលស្នាក់ក្បែរនោះ បានអោយដឹងថា កាលពីវេលាម៉ោង ជាង៥ល្ងាច គាត់បានឃើញក្មេងម្នាក់ចេញពីក្នុងអាគារ ហើយមកអង្គុយខាងមុខអាគារនេះ មួយសន្ទុះអ្នកយាមអាគារមកដល់ ក៏ឃើញកុមារានោះរត់ចូលទៅក្នុងវិញ ហើយក៍បាត់ខ្លួន ពុំដឹងថាចេញទៅណាទៀតនោះទេ ព្រោះគាត់ពុំបានចាប់អារម្មណ៍ រហូតមានឪពុក ម្តាយ មកសួរនាំ ទើបមានការភ្ញាក់ផ្អើលតែម្តង។
គិតមកដល់ម៉ោង១១យប់ថ្ងៃទី៩ ខែសីហា នៅមិនទាន់រកឃើញនៅឡើយ៕