ផ្អើលសមត្ថកិច្ច២ខណ្ឌទាំងព្រឹកដេញតាមចាប់ចោរលួចរថយន្តតាមGPS ដែលរត់ពីស្តុបទេពផន បើករត់មកប្លុងចោលនៅក្រោយរោងចក្រស៊ីឡាំហួរ
សន្តិសុខសង្គម
156

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ខណៈស្ត្រីម្នាក់បានឈប់រថយន្តចុះទិញអីហូបមួយភ្លែតសោះ ក៏ត្រូវបានជនសង្ស័យធ្វើសកម្មភាពលួចបើករត់គេច ចេញពីចំណុចស្តុបទេពផន ទើបប្រញាប់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ឲ្យជួយស្វែងរក តាមGPS កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ដែលចូលរួមក្នុងការដេញតាមរករថយន្តរបស់ជនរងគ្រោះ នេះបានឲ្យដឹងថា ដំបូងឡើយនៅវេលាម៉ោង៥ព្រឹក គឺជនរងគ្រោះ ជាស្ត្រីម្នាក់ បានមកដាក់ពាក្យនៅប៉ុស្តិ៍ទឹកល្អក់ទី៣ ថារថយន្តរបស់គាត់ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1BE-2103 ត្រូវបានចោរលួចបើករត់ ខណៈដែលគាត់កំពុងចុះទិញអីហូបមួយភ្លែតសោះ នៅចំណុចស្តុបទេពផន ។ ភ្លាមៗសមត្ថកិច្ចក៏បានសហការជាមួយជនរងគ្រោះស្រាវជ្រាវតាមរយៈGPS ដែលភ្ជាប់ក្នុងរថយន្ត ឃើញបើករត់មកខណ្ឌមានជ័យ ទើបសមត្ថកិច្ចរបស់លោក បន្តសហការជាមួយនគរបាលខណ្ឌមានជ័យ ដេញតាមរកឃើញរថយន្តនេះ ត្រូវបានចោរយកប្លុងចោលនៅម្តុំខាងក្រោយរោងចក្រស៊ីឡាំងហួរ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ វេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល។ ប៉ុន្តែទន្ទឹមការរកឃើញនេះ ជនរងគ្រោះបានពិនិត្យមើលរថយន្តនិងក្នុងរថយន្តរបស់ខ្លួន គឺបានបាត់ទូរសព្ទដៃចំនួន២គ្រឿង ផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ ក៏បានធ្វើកំណត់ហេតុ ប្រគល់រថយន្តនេះឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍ទឹកល្អក់ទី៣ ដែលជាម្ចាស់ករណី ដើម្បីចាត់ការបន្ត ក៏ដូចជាប្រគល់រថយន្តជូនជនរងគ្រោះវិញ និងបើកការស្រាវជ្រាវបន្តដើម្បីតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕


Telegram